ព្រះរាជាណាចក្រអច្ឆរយ៖ ព្រឹត្តិការណ៍គួរឲ្យហួសចិត្ត ខ្លាច និងមិនគួរឲ្យជឿ ប្រចាំសប្តាហ៍

(ថ្ងៃទី 29 កក្កដា 2012, ម៉ោង 10:36:AM) | ដោយ: លីនណា
ប្រភព៖ CEN
ភ្នំពេញ: តើលោកអ្នកដឹងទេថា មួយសប្តាហ៍កន្លងទៅនេះ មានរឿងប្លែកៗ និងរន្ធត់មួយចំនួន ដែលខ្លះជារឿងគួរឲ្យហួសចិត្ត និងខ្លះទៀតគួរឲ្យរន្ធត់។
ខាងក្រោមនេះ ជារឿងប្លែកៗ ឬគួរអោយរន្ធត់ នាសប្តាហ៍កន្លងមក ៖
១. ស្លាប់៤នាក់ របួសធ្ងន់៥នាក់ ក្នុងករណីបាញ់គ្នារវាងសមត្ថកិច្ច និងក្រុមចោរ ប្លន់ទូមាស នៅផ្សារពួក ខេត្តសៀមរាបឆាកប្រយុទ្ធបាញ់តដៃគ្នា រវាងកម្លាំងសមត្ថកិច្ចមាននគរបាល កងរាជអាវុធហត្ថ និងតំបន់ប្រតិបត្ដិការសឹករងខេត្ដ ជាមួយក្រុមចោរប្លន់ ដែលលទ្ធផលត្រូវបានគេរាយការណ៍នៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ថា ក្រុមចោរត្រូវសមត្ថកិច្ចបាញ់ឱ្យស្លាប់នៅនឹងកន្លែងចំនួន ៣នាក់ និងរបួសធ្ងន់ម្នាក់។ ដោយឡែក ប្រជាពលរដ្ឋម្នាក់ ត្រូវបានក្រុមចោរបាញ់សម្លាប់ និង ៣នាក់ទៀតរងរបួស ខណៈពេលដែលប្រជាពលរដ្ឋរងគ្រោះទាំងនោះ ត្រូវបានក្រុមចោរចាប់ជាចំណាប់ខ្មាំង។ ជាមួយគ្នានោះ ប៉ូលិសម្នាក់ត្រូវបានក្រុមចោរជិះបំបុកឱ្យបាក់ភ្លៅខាងស្ដាំផងដែរ។
ហេតុការណ៍បាញ់ប្រហារ កើតឡើងនៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្សារពួក មានទីតាំងក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប មានករណីប្លន់ប្រដាប់អាវុធអ្នកលក់មាសចំនួនពីរតូប។ ក្រុមចោរបានប្លន់យកមាសជនរងគ្រោះទាំងពីរតូប ហើយគេចខ្លួនជាមួយនឹងរថយន្ដមួយគ្រឿង និងម៉ូតូមួយគ្រឿង។ ចោរទាំងបួននាក់ មានម្នាក់រស់នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ និងបីនាក់ទៀតរស់នៅស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។
២. ឃាត់ខ្លួនចោរ ៤នាក់ បាញ់ប្លន់នៅផ្សារពុទ្ធតាសត ខេត្តបន្ទាយមានជ័យ
មានករណីប្លន់ប្រដាប់អាវុធមួយ បានកើតឡើងសាហាវ ដោយក្រុមចោរប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បាញ់តទល់ជាមួយសមត្ថកិច្ចចម្រុះ ដើម្បីប្លន់ទ្រព្យសម្បត្តិ គ្រឿងអលង្ការ។ ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ នៅផ្សារពុទ្ធតាសត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រោយការបាញ់តទល់ប្រហែលមួយម៉ោង រវាងក្រុមចោរ និងសមត្ថកិច្ច គឺបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងតាមចាប់ជនសង្ស័យម្នាក់ ដែលកំពុងបាញ់តដៃ ជាមួយសមត្ថកិច្ចនៅក្នុងវត្តរតននិមិត្ត ក្នុងឃុំកូប ស្រុកអូរជ្រៅ។ កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តជនល្មើស ម៉ាកកាមរី ៩៥ និងកាំភ្លើងខ្លីពីរដើម ព្រមទាំងកាំភ្លើងអាកាមួយដើមផងដែរ។
៣. ភ្លើងលេបត្របាក់ផ្ទះ និងតូបជិត ១០០ នៅផ្សារទួលសង្កែ
នៅផ្សារទួលសង្កែ ខាងជើងស្តាតចាស់ ត្រូវបានកម្ទេចដោយអគ្គីភ័យ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅតាមផ្លូវលេខ៩០០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ លោក ទូច ណារ៉ុថ ស្នងការប៉ូលិសរាជធានីភ្នំពេញ បាននិយាយថា គេមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ចំពោះអគ្គីភ័យនេះ។ ប៉ូលិសកំពុងតែស៊ើបអង្កេត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ភ្លើងបានរលត់នៅម៉ោង ៤ និង ៣០នាទី បន្ទាប់ពីវាបានបំផ្លាញផ្ទះ និងតូបផ្សារប្រហែល ១០០ រួចមមក។
អាជីវករនៅក្នុងផ្សារទួលសង្កែបានឲ្យដឹងថា ដំបូងគេបានឭសំឡេងផ្ទុះធុងហ្គាស នៅក្នុងផ្សារទួលសង្កែ បណ្តាលអោយមនុស្សប្រុសស្រីពីរនាក់ ដួលសន្លប់ និងបុរសម្នាក់រងរបួសរលាកជើងបន្តិចបន្តួច។ ផ្សារនេះមានតូបចំនួន ២៣៨តូប ត្រូវអគ្គីភ័យឆេះបំផ្លាញអស់ចំនួន ៨តូប ត្រូវសមត្ថកិច្ចរុះរើសចេញកុំឲ្យមានការឆាបឆេះបន្ត អស់ចំនួន ១៦តូប។
៤. កំពុងឈរមើលគេលេងបាល់ទះ ត្រូវជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូមកកាប់ស្លាប់
យុវជនម្នាក់កំពុងឈរមើលគេលេងបាល់ទះ ត្រូវបានជនមិនស្គាល់មុខ ២នាក់ ជិះម៉ូតូវីវ៉ាមួយគ្រឿង លបកាប់មួយកាំបិតចំកចំហៀងខាងស្ដាំ កាលពីវេលាម៉ោង ៦ និង ២០នាទី ល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្ដសៀមរាប។
ជនរងគ្រោះដែលត្រូវគេកាប់ស្លាប់នោះ មានឈ្មោះ ឈុន ប៊ុនឆេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុង-ខេត្ដសៀមរាប។ ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខ កាប់មួយកាំបិតចំកខាងស្ដាំ ដាច់ដល់ឆ្អឹង និងមានប្រវែង ១តឹក ៥លី។
៥. ស្រវឹងទាំងព្រលឹម បើករថយន្តកូរ៉េបុកដើមអង្កាញ់ រួញមុខ
អ្នកបើកបរស្រវឹងធ្លាក់ភ្នែកម្នាក់ បានបញ្ជារថយន្តកូរ៉េទៅបុកដើមអង្កាញ់ទាំងព្រលឹម បណ្តាលឲ្យខ្ទេចមុខ កាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចមុខផ្ទះលក់គ្រឿងសំណង់ លេខ៨៩A ផ្លូវលេខ៦៣ កែងផ្លូវ១៧២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
រថយន្តបង្កម៉ាក Ssung yong Rexton បើកបរបុរសម្នាក់ឈ្មោះ ប្រាក់ ចាន់ដារ៉ា អាយុ ២៤ឆ្នាំ ជាអ្នករកស៊ី ស្នាក់នៅខណ្ឌ៧មករា បានរងរបួសស្រាល តែរថយន្តត្រូវរងការខូចខាតរួញមុខខ្ទេច។
៦. ស្រវឹងបើកឡានប៉ះម៉ូតូ មិនចុះមើល បើករត់ ក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
រថយន្តមួយគ្រឿងដែលបញ្ជាដោយបុរសម្នាក់មានសភាពស្រវឹង ទៅប៉ះម៉ូតូមួយគ្រឿងបន្តិចបន្តួច តែមិនព្រមចុះមើល បែរជាបើករត់ទៅក្រឡាប់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា តាមផ្លូវលេខ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុ ប្រភេទតូយ៉ូតាកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ 2A-5247 ។ អ្នកបើកបរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសធ្ងន់។ ពួកគេបានបើករថយន្តរត់ បន្ទាប់ពីបានបុកម៉ូតូឈ្មោះ យ៉ា ចាន់ អាយុ ៤៨ឆ្នាំ ជិះម៉ូតូសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ដោយបណ្តាលឲ្យរបួសស្រាល។
៧. ជនបរទេសម្នាក់ ត្រូវបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងបីនាក់
បុរសបរទេសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណបាញ់ បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១ និង ៥៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចមុខផ្ទះលេខ១៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្បែរច្រកចូលទៅសាលាអង្គរខេរាអន្តរជាតិ ផ្លូវលេខ២១០។ ករណីនេះសង្ស័យជាករណីបាញ់ប្លន់មិនបានសម្រេច។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាស្សូ ហ្វ្រង់ អាយុ ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវក្រុមជនសង្ស័យបាញ់ត្រូវមួយគ្រាប់ចំក្រោមដោះខាងឆ្វេង។ ចំណែកក្រុមជនសង្ស័យមានគ្នា ៣នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ មិនស្គាល់ស្លាកលេខ ២គ្រឿង។
៨. ចាក់បុរសម្នាក់បីកាំបិត របួសធ្ងន់ ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់
បុរសម្នាក់ បានទទួលរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានជនសង្ស័យ ២នាក់ ធ្វើសកម្មភាពចាក់ ៣កាំបិត ចំត្រង់កញ្ចឹងក ប្លន់យកម៉ូតូ កាលពីវេលាម៉ោង ៩ និង ៣០នាទី យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ ត្រង់ចំណុចផ្លូវលេខ១៩២៨ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ភួន បូរិន អាយុ ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅបាត់ ម៉ាកស៊ុយស៊ូគីវីវ៉ា សេរី៩៧ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BC- 6020។ ចំណែកជនសង្ស័យមានគ្នា ២នាក់ អាយុប្រហែល ១៩ ទៅ ២១ឆ្នាំ ក្រោយពីធ្វើសកម្មភាពហើយបានយកម៉ូតូជិះគេចខ្លួន។
៩. តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និងមិត្តភក្តិ ៥នាក់ ក្រឡាប់រថយន្តនៅស្រុកព្រៃនប់
ប៉ូលិសស្រុកព្រៃនប់បាននិយាយថា រថយន្តមួយគ្រឿងរបស់ក្រុមតារាចម្រៀង បានក្រឡាប់ដោយខ្លួនឯង តាំងពីព្រឹកព្រលឹម នៅចំណុចផ្លូវបត់កោង ចន្លោះគីឡូម៉ែត្រលេខ១៧៥-១៧៦ ក្នុងភូមិវាលធំ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តចំនួន ៦នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញភ្លាមៗ។ រថយន្តដែលក្រឡាប់ម៉ាកកាមរី (ឆ្លាម) ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ E-8783។
ប៉ូលិសប៉ុស្តិ៍ជើងគោបានប្រាប់ថា ក្នុងចំណោមអ្នករងគ្រោះនោះ គេឃើញមានតារាចម្រៀងវ័យក្មេងម្នាក់ ឈ្មោះ ណាំ ប៊ុណ្ណារ័ត្ន បានរងគ្រោះបាក់ភ្លៅខាងឆ្វេង ក្រៅពីនោះក៏មានស្ត្រីម្នាក់បាក់ឆ្អឹងជំនីរ និង ៤នាក់ទៀតរបួសស្រាល។
១០. កុមារបីនាក់បានស្លាប់ ដោយសារខ្យល់ព្យុះ VISENTE
គ្រួសារមួយក្រុមបានធ្វើដំណើរ ត្រឡប់មកពីទីក្រុងសៀមរាប ដោយជិះកាណូត តាមផ្លូវបឹងទន្លេសាប ត្រូវបានខ្យល់បោកបក់លិចទូកបណ្ដាលឲ្យស្លាប់កុមារបីនាក់ ហើយបានរកឃើញសាកសពកុមារម្នាក់ ក្រោយពីកើតហេតុ និងសពពីរនាក់ទៀតបាត់ខ្លូន។ ពួកគេរងគ្រោះថ្នាក់ ខណៈដែលកម្ពុជាកំពុងស្ថិតនៅក្រោមសម្ពាធខ្យល់ព្យុះ VISENTE។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១១ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅចំណុចក្បាលជ្រោយគាំ ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប៉ូលិសស្រុកបាកានបានឲ្យដឹងថា កាណូតនោះជិះគ្នា ៧នាក់ ក្នុងនោះស្លាប់បីនាក់។ ប៉ូលិសបានបន្តទៀតថា សពកុមារទាំងពីរនាក់ដែលបាត់នោះ មិនទាន់រកឃើញនៅឡើយទេរហូតមកដល់ថ្ងៃនេះ។
១១. បើកម៉ូតូបុករថយន្តពីក្រោយ ស្លាប់ពីរនាក់ របួសធ្ងន់ម្នាក់ នៅស្រុកត្បូងឃ្មុំ
យុវជនពីរនាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ខណៈពេលពួកគេបានបើកម៉ូតូមួយគ្រឿង ជិះគ្នាបីនាក់ ទៅបុកពីក្រោយរថយន្តមួយគ្រឿង ដែលបើកក្នុងទិសស្របគ្នា។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៧ ភូមិស្រែស្ងៀម ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម វេលាម៉ោង ១២ និង ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២។
យុវជនពីរនាក់ដែលស្លាប់ ឈ្មោះ ឆេង សុនិន អាយុ ២៣ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាក WAVE ពណ៌ក្រហម អត់ស្លាកលេខ ស្នាក់នៅភូមិសួងកើត សង្កាត់-ក្រុងសួង ខេត្តកំពង់ចាម និងអ្នកជិះខាងក្រោយឈ្មោះ ខាត់ ពិសិដ្ឋ អាយុ ២៥ឆ្នាំ ស្នាក់ភូមិល្វាធំ ឃុំល្វា ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ឯម្នាក់ទៀតដែលរងរបួសធ្ងន់ឈ្មោះ ជួន សារុន អាយុ ២៣ឆ្នាំ ស្នាក់នៅស្រុកមេសាង ខេត្តព្រៃវែង។
១២. ឃាត់ខ្លួនបុរសម្នាក់ ល្បួងក្មេងស្រី ១៣ឆ្នាំ រំលោភបីថ្ងៃជាប់គ្នា
បុរសពោះម៉ាយម្នាក់ អាយុ ៣៦ឆ្នាំ ត្រូវប៉ូលិសស្រុកបវេលឃាត់ខ្លួន តាមបណ្ដឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះ បន្ទាប់ពីដឹងរឿងរ៉ាវដែលបុរសនេះរំលោភក្មេងស្រីម្នាក់ អាយុ ១៣ឆ្នាំ បានសម្រេចបីថ្ងៃជាប់គ្នា ខណៈដែលក្មេងស្រីនេះមានសភាពស្លេកស្លាំង។
ហេតុការណ៍ចាប់រំលោភនេះ បានកើតឡើងតាំងពីថ្ងៃទី២១-២២-២៣ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចបឹងឡានធំ ស្ថិតក្នុងភូមិបឹងស្នួល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ហើយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ស្រាប់តែប៉ូលិសចុះទៅឃាត់ខ្លួនជនល្មើសដល់ផ្ទះកន្លែងកើតហេតុ យកមកអធិការនគរបាលស្រុកបវេលតែម្ដង។
លោក ឌី សារ៉េត នាយផ្នែកព្រហ្មទណ្ឌប៉ូលិសស្រុកបវេល បានឲ្យដឹងថា បុរសម្នាក់ដែលប៉ូលិសឃាត់ខ្លួននេះឈ្មោះ ឡុក ណាក់ អាយុ ៣៦ឆ្នាំ ជាបុរសពោះម៉ាយ។ ចំណែកក្មេងស្រីរងគ្រោះដោយអំពើរំលោភ មានអាយុ ១៣ឆ្នាំ។
១៣. មនុស្សម្នាភ្លូកទឹកភ្លូកដី ទៅរកគ្រូពេទ្យបារមីទេវតា ព្យាបាលជំងឺ១០០មុខ
មនុស្សម្នាដែលអះអាងថាមានជំងឺទីទៃពីគ្នា រួមទាំងមនុស្សគផង ស្ទើរពីគ្រប់ច្រកល្ហកក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ បានភ្លូកទឹកភ្លូកដីទៅព្យាបាលជំងឺ ពីគ្រូពេទ្យបារមីទេវតាព្យាបាលជំងឺ១០០មុខ បើទោះបីជាគ្រូបារមីនេះ ក្រុមមន្ត្រីជំនាញ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ បញ្ជាក់ថា គ្មានប្រើឱសថអ្វីក៏ដោយ។
ពេលលោកអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដល់ចំណុចមុខវត្តចាន់ស៊ីសាមគ្គីរាម ភូមិវាំងមួង ឃុំកូប នឹងឃើញរថយន្ត គោយន្ត ម៉ូតូ កង់ និងមនុស្សម្នារាប់រយនាក់ប្រមូលផ្តុំគ្នា ដើម្បីរង់ចាំការព្យាបាលនោះ។
លោក អ៊ិន ណារិទ្ធ អាយុ ៣៤ឆ្នាំ ដែលជាគ្រូពេទ្យបារមីទេវតា ព្យាបាលជំងឺ១០០មុខនោះ បានប្រាប់គេហទំព័រ CEN ថា លោករស់នៅភូមិ-ឃុំបាក់ព្រា ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយចូលមកវត្តចាន់ស៊ីសាមគ្គីណារាម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនេះ ជិតបីសប្តាហ៍ហើយ ដើម្បីព្យាបាលអ្នកជំងឺ និងអ្នកមានបញ្ហាសុខភាព។
១៤. រថយន្តកុងតឺន័រស្រាបៀរ បើកវ៉ា ជ្រុលទៅបុកម៉ូតូ កិនស្លាប់ម្នាក់
បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយត្រូវរថយន្តដឹកស្រាបៀរ របស់ក្រុមហ៊ុនស្រាបៀរអង្គរ វ៉ារថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ និងកិន កាលពីវេលាម៉ោង ៩ និង ១០នាទី យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ តាមផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម បឿន អាយុ ២៣ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅម្តុំបឹងក្រពើ ក្នុងភូមិដីថ្មី មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ដាំ យ៉ា អាយុ ២០ឆ្នាំ ជាកម្មការិនីកាត់ដេរ។ ជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាក ភ្នំពេញ 1R-2207។
១៥. រថយន្តសណ្តោងលាយស៊ីម៉ងត៍បុកម៉ូតូ ស្លាប់ម្នាក់ នៅផ្លូវវេងស្រេង
យុវនារីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តសណ្តោងលាយស៊ីម៉ងត៍ បើកបុកម៉ូតូជិះច្រាសទិសគ្នា ហើយកិនជាប់កង់ក្រោយ កាលពីវេលាម៉ោង ៩ និង ១០នាទី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សុខ ព្រីនដា អាយុ ២២ឆ្នាំ ស្នាក់នៅភូមិគោកជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះជិះម៉ូតូម៉ាកវីវា ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1Y-0016 ជិះម្នាក់ឯង ត្រូវរថយន្តដឹក និងលាយស៊ីម៉ងត៍ បុក ហើយកិន បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកភាគីខាងរថយន្តម៉ាកហ៊ីណូ ជាប្រភេទរថយន្តលាយស៊ីម៉ងត៍សណ្តោង ពាក់ស្លាក ភ្នំពេញ 3A-9154 អ្នកបើកបរគេចខ្លួនបាត់។
១៦. ក្មេងប្រុសម្នាក់ទៅមើលគេរាំក្នុងភូមិ ត្រូវឃាតកកាច់បំបាក់កស្លាប់
ក្មេងប្រុសម្នាក់បានស្លាប់ដោយសារអំពើឃាតកម្ម បង្កឡើងដោយមនុស្សជាច្រើននាក់ ដែលបានវាយ និងកាច់បំបាក់កសម្លាប់ ខណៈពេលទៅមើលគេរាំកម្សាន្តនៅក្នុងភូមិ នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅភូមិ-ឃុំគោករវាង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ត្រី ហេង វុទ្ធី អធិការប៉ូលិសស្រុកជើងព្រៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធឿន វិថី អាយុ ១២ឆ្នាំ ស្នាក់នៅភូមិ-ឃុំគោករវាង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្មេងរងគ្រោះត្រូវបានជនល្មើសជាច្រើននាក់ព្រួតគា្នវាយបំបាក់ក។
លោកអធិការស្រុកជើងព្រៃបានឲ្យដឹងបន្តទៀតថា បន្ទាប់ស្រាវជ្រាវ និងធ្វើកោសល្យវិច័យ សមត្ថកិច្ចបានឈានទៅដល់កំណត់មុខសញ្ញាជនដៃដល់ហើយ ប៉ុន្តែមិនទាន់បានបញ្ចេញឈ្មោះទេ ទំនងជាពួកនេះបានរត់គេចខ្លួនអស់ហើយ។ លោកបានបន្តថា ជនល្មើសមិនមែនមានតែម្នាក់ទេ អាចមានគ្នាពីពីរនាក់ឡើងទៅ។
តាមស៊ើបអង្កេត លោកលោកវរសេនីយ៍ត្រី ហេង វុទ្ធី បានអះអាងថា ករណីនេះជារឿងគំនុំ ប៉ុន្តែមិនដឹងថាជារឿងអ្វីទេ។
១៧. ឡានខ្សាច់បុកឡានដឹកកម្មករ រុលទៅបុកកុងតឺន័រ ស្លាប់ម្នាក់ របួសជាច្រើននាក់
បុរសជាកម្មកររោងចក្រម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមានកម្មករកម្មការិនីជាច្រើននាក់ទៀត បានទទួលរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកខ្សាច់ បើកទៅបុករថយន្តដឹកកម្មករ រុលទៅបុកគូទរថយន្តកុងតឺន័របន្ថែមទៀត កាលពីវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ នៅចំំណុចនៅជិតស្ពាន៧មករា មុខផ្សារក្រាំងពង្រ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាក ភ្នំពេញ 3A-3812 ជារថយន្តដឹកដីខ្សាច់ ចំណែករថយន្តដឹកកម្មករ ពាក់ស្លាក ញ ២៧៥៩ ភព២ ដោយត្រូវរថយន្តដឹកខ្សាច់បុក រុលទៅបុកគូទរថយន្តកុងតឺន័រមួយគ្រឿងទៀត មានពណ៌ត្រេអ៊ី ពាក់ស្លាក ភ្នំពេញ 3A-4156។ អ្នកបើករថយន្តបង្ក ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឈ្មោះ ឆាយ អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
១៨. វាយគ្នាមួយប្រាវ ស្លាប់យុវជនម្នាក់ និងបញ្ជូនទៅតុលាការបីនាក់
យុវជនម្នាក់ដែលរបួសក្បាលពីក្រោយ បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ខណៈដែលយុវជនពីរក្រុមមានជម្លោះនឹងគ្នា ប្រើដំបងវាយចំក្បាលពីក្រោយជាច្រើនដំបង។ ក្រោយហេតុការណ៍នេះ ប៉ូលិសបានឃាត់ខ្លួនក្រុមម្ខាងទៀត បានយុវជនបីនាក់ យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥នាទី យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចហាងកាហេ្វមួយកន្លែង ស្ថិតក្នុងភូមិប៉ាហ៊ីខាងជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតតធ្ងន់នគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា យុវជនដែលស្លាប់ឈ្មោះ យិន ធារ៉ា អាយុ ២១ឆ្នាំ រងរបួសក្បាលជាច្រើនដំបង មានទីលំនៅភូមិ-សង្កាត់បយ៉ាខា ក្រុង-ខេត្តប៉ៃលិន។ ចំណែកយុវជនបីនាក់ដែលឃាត់ខ្លួននោះ ១. ឈ្មោះ លឹម ហុងឧត្តម អាយុ ១៥ឆ្នាំ, ២. ឈ្មោះ ផន សុខេត អាយុ ១៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិបាហ៊ីត្បូង សង្កាត់-ក្រុង-ខេត្តប៉ៃលិន និង៣. ឈ្មោះ ស្រ៊ិន ដាំរ៉ា ហៅដាំ អាយុ ១៦ឆ្នាំ មានទីលំនៅភូមិបឌិននៀវ សង្កាត់-ក្រុង-ខេត្តប៉ៃលិន។ ទាំងបីនាក់នេះជាសិស្សសាលាវិទ្យាល័យក្រុងទេពនិមិត្ត ហ៊ុន សែន ប៉ៃលិន។
១៩. ស្លាប់២នាក់ របួស៨នាក់ ដោយសារគ្រោះថ្នាក់ចរាចណ៍នៅស្រុកបាទី
មនុស្ស ២នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង ៨នាក់ រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បើកបរក្នុងទិសដៅច្រាសទិសគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ៥ និង ២០នាទី។
លោក ង៉ាន់ សារី អធិការស្រុកបាទី បានឲ្យដឹងថា រថយន្តនីសាន់ ពណ៌ត្រេអ៊ីលាយស ពាក់ស្លាក តាកែវ 3A-0199 បើកបរដោយឈ្មោះ នួន ឡា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (គ្មានរបួស) បានបើករថយន្តទៅប៉ះនឹងកញ្ចក់ចំហៀងរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក ភ្នំពេញ 3A-6203 បើកបរដោយឈ្មោះ ញ៉ ធុច ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិស្តកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យកម្មករកម្មការិនីស្លាប់ ២នាក់ របួសធ្ងន់ម្នាក់ របួសស្រាល ៧នាក់ ក្នុងនោះមានឈ្មោះ ឆន ណុប ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី និងឈ្មោះ អំ សេន ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី បែកក្បាលហូរខួរចេញមកក្រៅ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ, ឈ្មោះ ជា ណែត ភេទស្រី អាយុ ១៩ឆ្នាំ រងរបួសធ្ងន់, ឈ្មោះ យឿង បូរី ភេទស្រី អាយុ ២២ឆ្នាំ, ឈ្មោះ សួន ប៉ូ ភេទស្រី អាយុ ១៨ឆ្នាំ, ឈ្មោះ សួន ឌី ភេទស្រី អាយុ ១៨ឆ្នាំ, ឈ្មោះ ជា ផានិត ភេទស្រី អាយុ ២១ឆ្នាំ, ឈ្មោះ ហេង សុបិន្ត ភេទស្រី អាយុ ២១ឆ្នាំ, ឈ្មោះ ពួន សូរិយា ភេទស្រី អាយុ ១៩ឆ្នាំ និងឈ្មោះ ហេង សំបូរ ភេទស្រី អាយុ ១៩ឆ្នាំ។ អ្នកទាំង ៨នាក់ រងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ K













