Posts Tagged ‘បូវ ស្រីស្រស់’
ប៉ូលីសអាមេរិក អឺរ៉ុប សុំខ្មាស់ព្រោះមិនពូកែ ដូចប៉ូលីសខ្មែរ៖ ករណីប៉ះទង្គិចគ្នារវាងពលរដ្ឋបឹងកក់ និងអាជ្ញាធរ ស្ត្រីម្នាក់ប្តឹងស្នងការ រងនគរបាលម្នាក់ និងអភិបាលរងខណ្ឌដូនពេញម្នាក់

(ថ្ងៃទី 1 សីហា 2012, ម៉ោង 06:07:PM) | ដោយ: ឆាយា
ប្រភព៖ CEN
ភ្នំពេញ: ស្ត្រីរស់នៅបឹងកក់ម្នាក់ បានដាក់ពាក្យប្តឹង ស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ អភិបាលរងខណ្ឌដូនពេញម្នាក់ និងគូកនម្នាក់ទៀត ពីបទ ហិង្សាដោយចេតនា ដោយ ភ្ជាប់យកករណីប៉ះទង្គិចនៅមុខសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ បណ្តាលឱ្យជនរងគ្រោះរលូតកូន។ ពាក្យបណ្តឹងនោះ បានត្រូវលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទទួលសំណុំរឿងនេះយកមកចាត់ ការ។
បន្ទាប់ពីបានពិនិត្យរួចហើយ តុលាការត្រូវចេញដីកាកោះហៅដើមបណ្តឹងឱ្យចូលបំភ្លឺ ហើយបន្ទាប់មកត្រូវចេញដីកាកោះហៅចុងចោទក្នុងបណ្តឹងនេះ មកឆ្លើយដោះសារសម្រាលបន្ទុកដើម្បីឈានទៅការសម្រេចចុងក្រោយ ពោលគឺចោទឬមិនចោទប្រកាន់។
បើសិនជាចោទប្រកាន់ តុលាការត្រូវបញ្ជូនសំណុំរឿងនេះ ទៅឱ្យចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធីតាមរូបភាពជនត្រូវចោទនៅក្រៅឃុំ ហើយបើសិនជាមិនចោទ ប្រកាន់វិញនោះ តុលាការត្រូវចេញដីកាតម្កល់រឿងទុកឥតចាត់ការ។ ប៉ុន្តែដើមបណ្តឹងមានសិទិ្ធប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។
លោក ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល រងខណ្ឌដូនពេញ និងមន្ត្រីនគរបាលម្នាក់ទៀត ដែលមិនស្គាល់ឈ្មោះ បានត្រូវឈ្មោះ បូវ ស្រីស្រស់ ភេទស្រី អាយុ ២៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅប្លុកបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ប្តឹងពីបទ អំពើហិង្សាដោយចេតនា។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១២ កន្លងទៅ នាងនិងប្រជាពលរដ្ឋមួយចំនួនព្រមទាំងកុមារា កុមារីមួយចំ នួន ទៀត បានដង្ហែជាក្បួនតាមដងផ្លូវសុធារសសំដៅមកសាលាឧទ្ធរណ៍ ដើម្បីចូលរួមស្តាប់សវនាការជំនុំជម្រះរឿងក្តីស្ត្រីបឹងកក់១៣នាក់ ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។
ពេលដង្ហែក្បួននេះ សមត្ថកិច្ចបានរារាំង រហូតមានការប៉ះទង្គិចគ្នាបណ្តាលឱ្យឈ្មោះ បូវ ស្រីស្រស់ ដែលមានទម្ងន់ ២ខែ ត្រូវរលូតកូននៅពេលនោះ។ ក្រោយហេតុការណ៍នេះ កើតឡើង ពុំឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណាចុះមកដោះស្រាយ ឬសម្របសម្រួលទេ។ ដូច្នេះហើយទើបនាងបូវ ស្រីស្រស់ ដាក់ពាក្យប្តឹងមកតុលាការដើម្បីដោះស្រាយរកយុត្តិធម៌។
គួរបញ្ជាក់ថា ពេលយកពាក្យបណ្តឹងនេះ មកដាក់ដើមបណ្តឹងនិងប្រជាពលរដ្ឋបឹងកក់មួយចំនួនបានគំរាមថា ពួកគេនឹងមកតុលាការក្នុងមួយសប្តាហ៍ ២ដង ដើម្បីជំរុញឱ្យតុលាការចាត់ការរឿងនេះឱ្យបានឆាប់។ ប៉ុន្តែមន្ត្រីតុលាការបានសំណូមពរកុំឱ្យប្រជា ពលរដ្ឋមក ដើម្បីកុំឱ្យខាតពេលវេលា ហើយក្នុងនោះ ក៏បានសន្យាថា នឹងចាត់ការពាក្យ បណ្តឹងនេះឱ្យបានឆាប់រហ័ស៕













