THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សម័យ ហ៊ុន សែន​ជេដ្ឋាទី២៖គ្រោះថ្នាក់កម្ពុជាទៅអនាគតពីផែនការត្រីកោណអភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស

leave a comment »


ដោយ តាំង សារ៉ាដា

2012-07-01

រដ្ឋាភិបាលកម្ពុជា បានបង្ហាញ ក្ដីសង្ឃឹមដ៏មុតមាំ របស់ខ្លួន ក្នុងការបង្កើតតំបន់ ត្រីកោណ អភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេសរួម គ្នាជាមួយប្រទេសវៀតណាម និង ឡាវ នោះថា នាំមកនូវភាពចំរើន រុងរឿងដល់ ជីវភាពរស់នៅរបស់ ពលរដ្ឋក្នុងតំបន់ភូមិភាគ ឦសាន របស់ខ្លួន

ប៉ុន្តែក្រុមអ្នកឃ្លាំមើលអំពីបូរណភាពទឹកដីបានសម្ដែងក្ដីបារម្ភថា ការបង្កើតតំបន់មុំបី ឬហៅ ថា CLV នេះ អាចនាំឲ្យកម្ពុជា បាត់បង់ធនធានធម្មជាតិ និងទឹកដីរបស់ខ្លួនដ៏ធំ ធេងទៅឲ្យប្រទេសវៀតណាម នៅថ្ងៃមុខ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែឧសភា បានសម្ដែងមោទនភាព និង មហិច្ឆតា របស់ខ្លួនថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ពិសេស រវាងកម្ពុជា វៀតណាម ឡាវ។ លោកចាត់ទុកថា គម្រោងនេះជាគន្លឹះមួយដ៏សំខាន់ដើម្បីកាត់បន្ថយភាពក្រី ក្រ តាមរយៈការវិនិយោគលើវិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម រ៉ែ និងទំនប់វារីអគ្គិសនី។

កាលពីខែធ្នូ ឆ្នាំ២០១១ កម្ពុជាបានយល់ព្រមដាក់បញ្ចូលខេត្តរបស់ខ្លួនចំនួន៤ មានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានពលរដ្ឋប្រហែលជាង ៥សែននាក់។ រីឯប្រទេសឡាវ ក៏បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៤ខេត្តដែរ ដូចជាខេត្ត អាតាពើរ (Ataper) ចំប៉ាសាក់ (Champasak) សារាវ៉ាន់ (Saravan) សេកុង (Sekong) ដែលមាន មនុស្សប្រមាណ ៧សែននាក់ ហើយវៀតណាម បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៥ គឺខេត្តចាឡាយ (Gia Lai) កនទុំ (Kon Tum) ដាក់ឡាក់ (Dac Lac) ដាណាង (Da Nang) ប៊ិញហ៊្វឺក (Binh Phuoc) ដែលខេត្តទាំងនេះ មានមនុស្សជាង ៧លាននាក់។

ប្រធានអង្គការខ្មែរម្ចាស់ស្រុកដែលមានមូលដ្ឋានក្នុងប្រទេសបារាំង អ្នកស្រី ចក់ សុខុន មានប្រសាសន៍ថា ការរកស៊ីចូលគ្នាតាមរយៈការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចនាំឲ្យកម្ពុជា ខាតបង់ច្រើន ហើយអាចនាំឲ្យវៀតណាម ស្រូបយកសម្បត្តិ ធម្មជាតិ របស់ខ្មែរ ដោយស្របច្បាប់ដើម្បីចិញ្ចឹមពលរដ្ឋរបស់គេ។ អ្នកស្រីបន្តថា វៀតណាមមាន ប្រជាជនច្រើន ដូច្នេះវៀតណាម ត្រូវការដីថ្មី ឬធនធានបន្ថែមសម្រាប់ ចិញ្ចឹមពលរដ្ឋរបស់ គេទៅថ្ងៃមុខទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ទីស្ដីការគណៈរដ្ឋមន្ត្រីខ្មែរបានឲ្យដឹងថា ការបង្កើតតំបន់ អភិវឌ្ឍន៍ត្រីកោណពិសេស គឺឈរលើមធ្យោបាយពីរ។ ទីមួយគឺការភ្ជាប់ប្រព័ន្ធផ្លូវថ្នល់ និងសេវាកម្មសុខាភិបាលរវាងប្រទេសទាំងបី មានន័យថា ពលរដ្ឋរវាងប្រទេសទាំងបីនេះ អាចទទួលការព្យាបាលជំងឺក្នុងប្រទេសនីមួយៗបានទៅវិញទៅមក។ ទីពីរ គឺការចល័ត ពាណិជ្ជកម្ម បានន័យថា ពលរដ្ឋនៅតាមបណ្ដាខេត្តនៃប្រទេសទាំងបីនេះ អាចនាំយក ផលិតផលរបស់ខ្លួនឆ្លងចូលធ្វើជំនួញទៅវិញទៅមក។

អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការបញ្ចូលតំបន់ ពាណិជ្ជកម្មរួមជាមួយវៀតណាមនេះ នឹងមិនអាចឲ្យកម្ពុជា បាត់បង់អធិបតេយ្យភាព នោះ ឡើយ។ លោកថា ផ្ទុយទៅវិញពលរដ្ឋខ្មែរក្រីក្រនៅតាមតំបន់នោះ នឹងមានជីវភាពធូរ ធារ ស្របទៅតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។

គេហទំព័ររបស់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសកម្ពុជា វៀតណាម ឡាវ  បានចុះផ្សាយ កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលរួម ដែលមានរដ្ឋមន្ត្រីនៃបណ្ដា ប្រទេសទាំងបីចូលរួម កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១១ ក្នុងខេត្តអាតាពើរ ប្រទេសឡាវ។ ភាគីកម្ពុជា មានលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ភាគីឡាវ មានលោក សំឌី ឌួងឌី (Somdy Douangdy) រដ្ឋមន្ត្រីក្រសួងផែនការ និង វិនិយោគ។ ចំណែកភាគីវៀតណាម មានលោក បូយ ក្វាង វិញ (Bùi Quang Vinh) រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ។

របាយការណ៍ពីកិច្ចប្រជុំនោះបានចុះផ្សាយថា ក្រុមរដ្ឋមន្ត្រីនៃបណ្ដាប្រទេសទាំងនេះ បានយល់ព្រមបង្កើតផែនការមេខាងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ត្រីកោណ រហូត ដល់ឆ្នាំ២០២០ ផ្អែកលើការចុះអនុស្សរណៈយោគយល់គ្នា។ ក្រុមរដ្ឋមន្ត្រីទាំងបីប្រទេសនេះក៏បានប្ដេជ្ញាចិត្តក្នុងការពន្លឿនការច្របាច់បញ្ចូលគ្នា ជា ពិសេសខាងការឆ្លងដែនផ្នែកទេសចរណ៍ ពាណិជ្ជកម្ម និងការដឹកជញ្ជូនទៅវិញទៅមក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកសន្តិសុខ និងកិច្ចការបរទេសដើម្បី នាំមក នូវ សន្តិភាព សុវត្ថិភាព និងនិរន្តរភាពនៃការអភិវឌ្ឍក្នុងអនុតំបន់។

ក្រុមអ្នកឃ្លាំមើលនិយាយថា តំបន់ភូមិភាគឦសានរបស់កម្ពុជា ជាតំបន់មួយដែលសំបូរ ទៅដោយសម្បត្តិធម្មជាតិដែលមានតម្លៃដ៏មហាសាល ដូចជាព្រៃឈើ រ៉ែមាស រ៉ែបុកស៊ីត សំណដែក ថ្មម៉ាប និងជាជង្រុកនៃអនុផលធម្មជាតិដ៏ធំ។ ក្រុមនេះឲ្យដឹងថា តំបន់ភូមិភាគ ឦសានរបស់កម្ពុជា គឺជាតំបន់យុទ្ធសាស្ត្រសង្គ្រាមដ៏សំខាន់បំផុតក្នុងឥណ្ឌូចិន។

លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រ ទេសបារាំង និងជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរ៉ែ ក្នុងទសវត្សទី៧០ មានប្រ សាសន៍ថា វៀតណាមកំពុងដើរខ្សែលើ ឬលេងល្បិចលើកម្ពុជា និង ឡាវ។

ចំណែកប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក ថាច់ ង៉ុកថាច់  និយាយថា ពលរដ្ឋនៅតាមតំបន់ភូមិភាគឦសាន ភាគច្រើនសុទ្ធតែជាជន ជាតិភាគតិចដែលខ្វះខាតការយល់ដឹងច្រើនអំពីបញ្ហាវិទ្យាសាស្រ្ត ឬប្រព័ន្ធបច្ចេកវិទ្យា ផ្សេងៗ ដែលអាចនាំឲ្យពួកគេលំបាកក្នុងការប្រឡូកនឹងប្រព័ន្ធសេដ្ឋកិច្ចចម្រុះ។

លោកថ្លែងបន្តថា វៀតណាមក៏បានប្រើយុទ្ធសាស្ត្រត្រជាក់ដើម្បីត្រួតត្រាប្រព័ន្ធរដ្ឋបាល របស់ខ្មែរ ដូចជាការចងក្រងរចនាសម្ព័ន្ធតាមថ្នាក់មូលដ្ឋានជាមួយកម្ពុជា ចាប់ពីថ្នាក់មេ ភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្តរបស់ខ្មែរត្រូវភ្ជាប់ទំនាក់ទំនង ជាមួយវៀត ណាម។

ជាមួយគ្នានេះដែរ អតីតសាស្ត្រាចារ្យនៃសកលវិទ្យាល័យ ចន ហបឃិន (John Hopkin) លោកបណ្ឌិត ទិត្យ ណារ៉ាញ់ គីរី មានប្រសាសន៍ថា ការបង្កើតតំបន់ត្រីកោណពិសេសនេះ គឺជាការផ្ដល់លទ្ធភាព និងជាការសម្រួលដល់រដ្ឋាភិបាលវៀតណាម ក្នុងការបញ្ជូនពល រដ្ឋរបស់គេឲ្យមករស់នៅក្នុងទឹកដីកម្ពុជា ដោយស្របច្បាប់ ហើយនៅចុងបញ្ចប់ខេត្តរបស់ ខ្មែរទាំងនោះ នឹងមានតែជនជាតិវៀតណាម ប៉ុណ្ណោះ។

វិទ្យុអាស៊ីសេរីបានព្យាយាមសុំសេចក្ដីអត្ថាធិប្បាយពីក្រុមមន្ត្រីស្ថានទូតវៀតណាម ប្រចាំ នៅកម្ពុជាដែរ តែមិនមានមន្ត្រីណាមួយអាចបកស្រាយបាននោះឡើយ។

ឆ្លើយតបទៅនឹងក្រុមអ្នកវិភាគ និងក្រុមអ្នករិះគន់នេះដែរ លោក ហោ ណាំហុង ឧបនា យករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីពាក់កណ្ដាលខែមិថុនា ធ្លាប់បង្ហាញពីជំហរមិនដកថយរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការជាមួយ វៀត ណាម ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចចម្រុះនេះ។

ក្រៅពីការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ពិសេសរវាងកម្ពុជា វៀតណាម ឡាវ នេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមក្នុងការបង្កើតតំបន់ មរកត អភិវឌ្ឍន៍ ពិសេស រវាងបណ្ដាខេត្តជាប់ព្រំដែនឡាវ និងថៃ ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងឲ្យ បានជោគជ័យសម្រាប់ទិសដៅអាស៊ាន សហគមន៍តែមួយវាសនាតែមួយក្នុងឆ្នាំ២០១៥៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: