THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

តើប្រជាជនសង្ឃឹមអី កុំថាឡើយដល់ថ្នាក់ដឹកនាំស្រុក ឲ្យរស់បានដោយខ្លួនឯង សូម្បីតែរឿងទំនាស់ដីធ្លី ប៉ុណ្ណឹងដោះស្រាយរាប់ឆ្នាំមិនរួចផង

leave a comment »


(RFA/Soun Sophalmony ២៦-កក្កដា-២០១២៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ កំពុង​នាំ​គ្នា​ផ្ដិត​មេដៃ នៅ​ស្នាក់​ការ​សមាគម អាដហុក (Adhoc) ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​រឿង​ទំនាស់​ដីធ្លី​ទៅ​អាជ្ញាធរ​ខេត្ត​បាត់ដំបង អោយ​ជួយ​ដោះស្រាយ។)

ពលរដ្ឋ​៤១៥​គ្រួសារ​តវ៉ា​មិន​ឲ្យ​ក្រុម​និស្សិត​វាស់​និង​ចេញ​កម្មសិទ្ធិ​លើ​ដី​ជម្លោះ

ដោយ សួន សុផលមុន្នី
2012-07-27

តំណាង​ប្រជាពលរដ្ឋ​ចំនួន ៤១៥​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ជូន​លោក ប្រាជ្ញ ចន្ទ អភិបាល​ខេត្ត​បាត់ដំបង សុំ​ប្ដឹង​តវ៉ា​មិន​ឲ្យ​ធ្វើ​ការ​វាស់វែង និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​បឋម​នៅ​លើ​ដី​ទំហំ ៥៥៨​ហិកតារ នៅ​ចំណុច​អណ្ដូង​កន្ទួត ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

ការ​ប្ដឹង​ទាមទារ​នេះ បាន​ធ្វើ​ឡើង​ដោយ​យោង​លើ​ចំណារ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មួយ​ដែល​បាន​ចារ​កាល​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១១ សម្រេច និង​តម្រូវ​ឈ្មោះ សោម វណ្ណធឿន ជា​មន្ត្រី​យោធា​ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ។

ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា ដី​ទំហំ​៥៥៨​ហិកតារ​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​នោះ ត្រូវ​បាន​ក្រុម​និស្សិត​កំពុង​តែ​ធ្វើ​ការ​វាស់វែង ក្រោម​ការ​ជួយ​សម្រប​សម្រួល​របស់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​ជា​ច្រើន​ក្រុម។ ក្នុង​នោះ​មាន​ក្រុម​លោក សោម វណ្ណធឿន ក្រុម​លោក ថៃ ទី ក្រុម​លោក នូ ចាន់សុផាត ក្រុម​លោក ម៉ក់ សុផល ក្រុម​លោក ប៉ោ ប៊ុនថេង ក្រុម​លោក ងួន រិន ក្រុម​លោក ទូច ងួន ក្រុម​លោក ញ៉េប ជា ក្រុម​អ្នកស្រី វ៉ាន់ សាវ៉ុន លោក​វរសេនីយ៍ ឡុង ស៊ីណារ៉េ និង​ក្រុម​ប្រជាពលរដ្ឋ លោក ហែន ស៊ីណា លោក អ៊ាន ផា និង​ក្រុម​លោក ទូច សាមុត។

តំណាង​អ្នក​ភូមិ៖ «ព្រោះ​ដី​ទាំង​អស់​ហ្នឹង គឺ​ស្ថិត​នៅ​លើ​ដី​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ចំនួន​៥៥៨​ហិកតារ ប្រគល់​មក​ប្រជាពលរដ្ឋ​៤១៥​គ្រួសារ តាម​លិខិត​លេខ​៩៧៧ ស.ជ.ណ ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១១ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី យោង​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ដែល​បាន​ឯកភាព​ចុះ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១១ បាន​ឯកភាព​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​តាម​លិខិត​លេខ​៨០៤ ស.ជ.ណ ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០០៨ របស់​ក្រសួង​ការពារ​ជាតិ ដែល​បាន​សម្រេច​ឲ្យ​លោក សោម វណ្ណធឿន និង​បក្ស​ពួក​គាត់​ប្រគល់​ដី​៥០០​ហិកតារ​ជូន​ប្រជាពលរដ្ឋ​វិញ»

ដី​ទំហំ​៥៥៨​ហិកតារ​នេះ មាន​ព្រំប្រទល់​ខាង​ជើង​ពី​ចន្លោះ​ភ្នំ​ទាក់វៀង និង​ភ្នំ​ស្លឹក នៃ​ក្បាល​អូរ​ក្ដារ​តស់ ឬ​អូរ​អណ្ដូង​កន្ទួត ស្ពាន​លេខ​៤ បណ្ដោយ​ទៅ​កើត​តាម​មាត់​អូរ រហូត​ដល់​អូរ​ទឹក​ធ្នឹម ទៅ​ទិស​ខាង​ត្បូង​បណ្ដោយ​សង​ខាង​ផ្លូវ​សម្ដេច ហ៊ុន សែន រហូត​ដល់​ព្រំ​ខាង​ត្បូង​របង​លួស​ក្រោល​គោ របស់​លោក ចឹក ខិម។ ប៉ុន្តែ​សព្វ​ថ្ងៃ​ជា​ចម្ការ​ដំឡូង​របស់ ពៅ ហ៊ុន ទាំង​ចុង​ខាង​កើត​ចំណុច​អូរ​ទឹក​ធ្នឹម និង​ចុង​ខាង​លិច​ទល់​ចុង​ក្បាល​ភ្នំ​ស្លឹក។

ទោះ​បី​ប្រជាពលរដ្ឋ​បាន​ទៅ​តវ៉ា និង​ដាក់​ឯកសារ​បង្ហាញ​ទៅ​ក្រុម​និស្សិត និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដោយ ក៏​ការ​វាស់វែង​នៅ​តែ​បន្ត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤១៥​គ្រួសារ ដែល​រង់ចាំ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង៖«ប្រជាពលរដ្ឋ​៤១៥​គ្រួសារ ខ្ញុំ​ជា​ម្ចាស់​ដី​ហ្នឹង ហើយ​លើ​ដី​៥៥៨​ហិកតារ​ហ្នឹង។ តាម​គោលការណ៍​ចំណារ​របស់​សម្ដេច គាត់​បាន​ប្រគល់​ឲ្យ​ហើយ។ សុំ​ឲ្យ​ចៅហ្វាយ​ខេត្ត​ហ្នឹង លោក​ត្រួត​ពិនិត្យ​ឯកសារ​ពួក​ខ្ញុំ​ហ្នឹង​ម្ដង​ទៀត។ គួរ​ចុះ​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់។ ហើយ​សុំ​ឲ្យ​ផ្អាក​ចេញ​នូវ​ប្លង់​ជា​បឋម​ហ្នឹង ព្រោះ​កាល​ណា​ចេញ​អាហ្នឹង​ហើយ ពួក​ខ្ញុំ​ទៅ​ជា​អសារបង់​ហើយ បើ​និយាយ​ទៅ ខ្ញុំ​ម្ចាស់​ដី​ក្លាយ​ទៅ​ជា​អត់»

វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​សុំ​សេចក្ដី​បញ្ជាក់​ការ​ទាមទារ​របស់​អ្នក​ភូមិ​ទាំង ៤១៥​គ្រួសារ ពី​លោក ប្រាជ្ញ ចន្ទ អភិបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​កក្កដា នេះ​បាន​ទេ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​២៥ និង​បាន​ដាក់​ទៅ​សាលា​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១២។ ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១១ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ គោរព​ជូន​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​លទ្ធផល​ស្រាវជ្រាវ​លើ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ៤១៥​គ្រួសារ រស់​នៅ​ចំណុច​អណ្ដូងកន្ទួត ភូមិ​សុំ​បង្កើត​ថ្មី ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

បន្ទាប់​មក នៅ​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​ចំនួន​ពីរ​ចំណុច​នៅ​លើ​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដោយ​បាន​យល់​ព្រម​ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ។ ប៉ុន្តែ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​ចំនួន​៤១៥​គ្រួសារ​ពិត​ប្រាកដ ពុំ​ទាន់​បាន​ឃើញ​ដី​ទាំង​នោះ​នៅ​ឡើយ៖«ដើម្បី​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្ញុំ​បាន​រស់​នៅ​មាន​សេចក្ដី​សុខ​សព្វ​ថ្ងៃ សូម្បី​តែ​បាយ​មិន​មាន​ហូប​ផង ដាច់​ព្រឹក ដាច់​ល្ងាច។ មេភូមិ​ចែក​ឲ្យ​ខ្ញុំ ឈិន ឆុន ដី​លំនៅឋាន​២០​គុណ​នឹង​១០០​ម៉ែត្រ ហើយ​ស្រែ​៥​ហិកតារ គេ​យក​អស់​ហើយ​ដី​ស្រែ​ឈូស​ឆាយ​អស់​រលីង»

ប្រធាន​សម្រប​សម្រួល​សមាគម អាដហុក (Adhoc) លោក យិន ម៉េងលី បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​៤១៥​គ្រួសារ មាន​ឯកសារ​ដូច​ជា​ពាក្យ​សុំ​កាន់​កាប់​ដី​កាល​ពី​ឆ្នាំ​២០០៦ បញ្ជី​រាយ​នាម​ប្រជាពលរដ្ឋ ៤១៥​គ្រួសារ កាល​ពី​ឆ្នាំ​២០០៧ និង​មាន​ប្លង់​ទីតាំង​ដី​រួម ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ។

លោក​បន្ត​ថា បុគ្គល​ឈ្មោះ សោម វណ្ណធឿន ជា​មន្ត្រី​យោធា​កាល​ពី​ឆ្នាំ​២០០៦ បាន​លក់​ដី​នៅ​តំបន់​ទំនាស់​នោះ​ចំនួន ១៥៥​ហិកតារ ទៅ​ឲ្យ​បុគ្គល​បី​នាក់​មាន​ឈ្មោះ នូ ចាន់សុផាត ឈ្មោះ ម៉ក់ សុផល និង​ឈ្មោះ ថៃ ទី។ បុគ្គល​ទាំង​បី​នាក់ រស់​នៅ​ទីក្រុង​ភ្នំពេញ។

នៅ​ក្នុង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​គប្បី​តែ​ប្រមូល​ផ្ដុំ​កម្លាំង​ដែល​ជា​អ្នក​ដឹង​ប្រវត្តិ​ច្បាស់​ឡើង​វិញ និង​រក្សា​ដី​ទាំង​អស់​ទុក​កុំ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ពីព្រោះ​ដី​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មាន​ជម្លោះ៖ «អញ្ចឹង យើង​ប្រមូល​កម្លាំង​ទាំង​អស់ ដើម្បី​មក​ជជែក​គ្នា រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ យើង​អត់​គប្បី​បំបែក​អញ្ចឹង​ទេ ការ​បំបែក​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ដី​នៅ​អណ្ដូងកន្ទួត ជាង​មួយ​អាណត្តិ​ហើយ ដោះ​អត់​ចេញ។ ទី​បំផុត ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ស្គាល់​ពិត​ប្រាកដ​៤១៥​គ្រួសារ ដូច​មាន​ឯកសារ​ជាច្រើន ជា​អ្នក​រងគ្រោះ​ទៅ​វិញ ជាប់​គុក​អត់​ដី ហើយ​ដី​ធ្លាក់​ទៅ​លើ​អស់​លោក​ធំៗ​មួយ​ចំនួន​ហ្នឹង»

លោក​បន្ត​ថា ក្រុម​និស្សិត​ស្ម័គ្រចិត្ត​គ្រាន់​តែ​ជា​កម្លាំង​មួយ​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​ខេត្ត ប៉ុន្តែ​សិទ្ធិ​អំណាច​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ខេត្ត។ ជម្លោះ​ដណ្ដើម​ដី​គ្នា​នៅ​ចំណុច​អណ្ដូង​កន្ទួត ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង នេះ បាន​កើត​មាន​ជំងឺ​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

មាន​អ្នក​ភូមិ​៤​នាក់ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចាប់​ឃុំ​ខ្លួន នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំ បង។ ក្នុង​នោះ​មាន​ឈ្មោះ ញ៉ា ម៉ក់ តូច វណ្ណឌី គង់ សុឃឿប និង​ហ៊ុន សេងលី ប៉ុន្តែ​ឈ្មោះ ហ៊ុន សេងលី ទើប​រួច​ចេញ​ពី​ពន្ធនាគារ​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ។ នៅ​មាន​អ្នក​ភូមិ​ជា ច្រើន​ នាក់​ទៀត ក្នុង​ចំណោម​ប្រជាពលរដ្ឋ ៤១៥​គ្រួសារ កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​របស់​តុលាការ​ខេត្ត​បាត់ដំបង៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: