THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ខ្លាំងបានតែមិនឲ្យគេតមាត់៖ នាយក​រដ្ឋ​មន្ត្រី​បក​ស្រាយ​បញ្ហា​ព្រំ​ដែន​ជាង​ ៥​ម៉ោង​ ដោយ​មិន​​​ឲ្យ​គេ​សួរ (ព្រោះខ្លាចគេបកស្បែក)

leave a comment »


Friday, 10 August 2012 មាស សុខជា​ និង សូ វិសាល​

បញ្ញាក់៖ ហ៊ុន​ សែន ពូកែបានត្រឹមតែនិយាយម្នាក់ឯង។ មិនជឿសាកឲ្យគេដេញដោលតទល់ គ្នាឲ្យប្រជាជន​បានមើល និងស្តាប់ទៅពេលនោះ  នឹងដឹងថាអ្នកណាខ្លាំង ត្រឹមត្រូវ និងក្បត់ជាតិពិតប្រាកដ។ 

ហ៊ុន សែន នៅសភា

ភ្នំពេញៈ លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចំណាយ​ពេល រហូត​ទៅ​ដល់​ជាង​ ៥ ម៉ោង តែ​ម្នាក់​ឯង ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា កាល​ពី​ម្សិលមិញ អំពី​បញ្ហា​ព្រំ​ដែន​កម្ពុជា​ វៀត​ណាម​ដ៏​ចម្រូង​ចម្រាស ដោយ​មិន​បាន​ផ្តល់​ឱកាស​ដល់​អ្នក​តំណាងរាស្ត្រ សួរ​សំណួរ​ណា​មួយ​ឡើយ។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​តំណាង​រាស្ត្រ ចំនួន ១០៣ នាក់ ដែល​ត្រូវ​បាន​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ តាម​ទូរទស្សន៍ ចំនួន ១៣ និង​វិទ្យុ ចំនួន ១០១ ​ថា អ្វី​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ធ្វើ គឺ​ផ្អែក​ទៅ​លើ​ផែន​ទី​ផ្លូវ​ច្បាប់ និង​ធ្វើ​ទៅ​តាម​សម្តេចឪ នរោត្តម​ សីហនុ។ នៅ​ក្នុង​ការ​ថ្លែង​រយៈ​ពេល​ជាង ៥ ម៉ោង ​នោះ ជា​ញឹក​ញាប់ លោក​ហ៊ុន សែន បាន​លើក ដដែល​ៗ សំដៅ​ទៅ​លើ គណ​បក្ស​ប្រឆាំង ជា​ពិសេស​ទៅ​លើ​លោក​ សម រង្ស៊ី ដែល​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម និង​លោក សុន ឆ័យ​ អ្នក​តំណាង​រាស្រ្ត ដែល​បាន​ដាក់​លិខិត​ ទៅ​លោក​ ចោទ​សួរ​ពី​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀត​ណាម​។ លោក​ហ៊ុន សែន បាន​អះអាង​ថា​៖​«កម្ពុជា មិន​មាន​ការ​បាត់​បង់​ទឹក​ដី​ទៅ​វៀតណាម​ទេ ទាំង​ដី​គោក និង​សមុទ្រ»។ លោក​នាយក​រដ្ឋ​មន្ត្រី បាន​លើក​ឡើង​ពី​បញ្ហា​ជាច្រើន​ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ផ្លូវ​ច្បាប់ បញ្ហា​ផែន​ទី ដែល​កម្ពុជា ត្រូវ​យក​ទៅ​ធ្វើ​ការ​ចរចា​ទ្វេ​ភាគី​ ជា​មួយ​វៀតណាម មុន​នឹង​ឈាន​ដល់​ដំណើរ​ការ​បោះ​បង្គោល​ព្រំ​ដែន​លើ​ដី​ជាក់​ស្តែង។

កម្ពុជា​មាន​ផ្ទៃ​ដី​លើស​ពី​ចំនួន​កំណត់

លោក​នាយក​រដ្ឋ​មន្ត្រី បាន​អះអាង​ថា បច្ចុប្បន្ន ក្រឡា​ផ្ទៃ​ដី​របស់​ប្រទេស​កម្ពុជា មាន​លើស​ពី​ចំនួន ដែល​ត្រូវ​បាន​ដឹង​ជា​ទូទៅ រហូត​ដល់​ជាង​៣០០​គីឡូម៉ែត្រ​ការ៉េ។ លោក​បន្ត​ថា​៖«​ប្រជាជន​ខ្មែរ​យើង ចាំ​ស្ទាត់​មាត់ គឺថា ប្រទេស​កម្ពុជា​ មាន​ផ្ទៃ​ដី​ ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ។ យើង​មិន​ដឹង​ថា​ តើ​ការ​គណនា​តួ​លេខ​នេះ ធ្វើ​ឡើង​តាម​របៀប​ណា​ទេ»។ លោក​នាយក​រដ្ឋ​មន្ត្រី បាន​គូស​បញ្ជាក់​ថា គេ​រិះគន់​ថា ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ ១៩៧៩ មក កម្ពុជា​បាន​បាត់បង់​ទឹក​ដី​រាប់​រយ រាប់​ ពាន់​គីឡូ​ម៉ែត្រ​ ទៅ​លើ​ប្រទេស​វៀតណាម​ ប៉ុន្តែ​ធាតុ​ពិត​ ដី​ខ្មែរ​មាន​ច្រើន​ជាង​ក្រឡា​ផ្ទៃ ដែល​ទន្ទេញ​ចាំ​មាត់ ១៨១.០៣៥ គីឡូ​ម៉ែត្រ​ការ៉េ​នោះ​ទៅ​ទៀត។ លោក​បន្ថែម​ទៀត​ថា៖«នៅ​ពេល​ធ្វើ​ការ​វាស់​វែង​កំណត់​ព្រំ​ដែន​រួច​រាល់ ​យើង​នឹង​ស្នើ​​​សុំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ការ​កែ​តម្រូវ​ ចំពោះ​ចំនួន​ផ្ទៃ​ដី​របស់​ប្រទេស​កម្ពុជា​នេះ​»។


ព្រំដែនគោក

លោក​នាយក​រដ្ឋ​មន្ត្រី មាន​ប្រសាសន៍​ថា នៅ​ពេល​នេះតាម​ការ​វាស់​វែង​ គឺ​ប្រជា​ពលរដ្ឋ​កម្ពុជា​ បាន​រស់​នៅ​លើ​ដី វៀតណាម សរុប ចំនួន ៩១៦,៧ ហិកតា​។ ចំណែក​ប្រទេស​វៀត​ណាម បាន​កាន់កាប់​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ ទំហំ​ចំនួន​ ២១៦០,៦ ហិកតា​។​ ការ​ដែល​ប្រជាជន​ប្រទេស​ទាំង​ពីរ រស់​នៅ​ជាន់​លើ​ដី​គ្នា​ ទៅ​វិញ​ទៅ​មក​នេះ មាន​នៅ​ក្នុង​ខេត្ត​ចំនួន​ ៥ គឺ​ខេត្ត​កំពង់ចាម ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​លើ​ដី​វៀតណាម ចំនួន ៨២៥ ហិកតា វៀតណាម​រស់​នៅ​លើ​ដី​ខ្មែរ ចំនួន ៣៨៥ ហិកតា។​ ខេត្ត​ស្វាយរៀង​ប្រជា​ពលរដ្ឋ​កម្ពុជា រស់​នៅ​លើ​ទឹក​ដី​វៀត​ណាម ទំហំ ២៨៩ ហិក​តា វៀត​ណាម​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ ១១០០ ហិកតា។ ខេត្ត​ព្រៃវែង កម្ពុជា​រស់​នៅ​លើ​ទឹក​ដី​វៀតណាម ​ទំហំ ៥៤,៥​ ហិក​តា ហើយ​វៀតណាម​រស់​នៅ​លើ​ដី​កម្ពុជា​ទំហំ ៣០,៩ ហិកតា។ ខេត្ត​តាកែវ កម្ពុជា​រស់​នៅ​លើ​ដី​វៀតណាម​ទំហំ ១៥៩,១ ហិកតា​ ហើយ​វៀតណាម រស់​នៅ​លើ​ដី​កម្ពុជា​ទំហំ ១៥១,៧ ហិកតា​ និង​នៅ​ក្នុង​ខេត្ត​កំពត កម្ពុជា​កាន់​កាប់​ដី​វៀតណាម​ទំហំ ២៩,១ ហិកតា ហើយ​វៀតណាម រស់​នៅ​លើ​ដី​កម្ពុជា ៥៣ ហិកតា។ លោក​ហ៊ុន សែន បាន​បញ្ជាក់​ថា វៀត​ណាម កាន់​កាប់​ផ្ទៃ​ដី​កម្ពុជា ច្រើន​ជាង​កម្ពុជា កាន់​កាប់​ផ្ទៃ​ដី​វៀតណាម ដូច្នេះ​វៀតណាម ​ត្រូវ​មាន​កាតព្វកិច្ច រក​ដី​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​។ លោក​បាន​ពន្យល់​ថា ដើម្បី​ដោះដូរ​ភូមិ ឬ​ដី​រវាង​កម្ពុជា និង​វៀតណាម គឺ​ប្រទេស​ទាំង​ពីរ​ ត្រូវ​សម្រុះ​សម្រួល​ ខ្សែ​បន្ទាត់​ព្រំដែន ហើយ​អនុញ្ញាត​ឲ្យ​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​ ដែល​រស់​នៅ​តំបន់​ណា​មួយ ត្រូវ​អនុញ្ញាត​ឲ្យ​ពួក​គាត់​បន្ត​រស់​នៅ និង​ធ្វើ​ស្រែ​ចម្ការ នៅ​កន្លែង​នោះ​ដដែល។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​គូស​បញ្ជាក់​ថា៖«ជម្រើស​គឺ​ត្រូវ​រក្សា​ស្ថានការណ៍​ឲ្យ​នៅ​ដដែល ​តាម​ការ​កាន់​កាប់​របស់​ប្រជា​ជន​»។ លោក​​បាន​បន្ត​ថា ការ​ដោះ​ដូរ​នេះ ​មាន​ចែង​ក្នុង​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី ២៣​ខែ​មេសា​ឆ្នាំ ២០១១​។

លោក​បញ្ជាក់​ថា៖ «ទោះ​បី​មាន​ផែន​ការ​ដោះ​ដូរ ប៉ុន្តែ​យើង​នៅ​តែ​រក្សា​ផ្ទៃ​ដី​សរុប​ ឲ្យ​នៅ​ដដែល ព្រោះ​វា​ជា​ការ​ដោះ​ដូរ​ស្មើ​ភាព​គ្នា នោះ​គឺ​ឲ្យ ១ ហិកតា ត្រូវ​ប្រគល់​មក​វិញ​ ១ ហិកតា​»។​ ​លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ នឹង​ចុះ​ទៅ​សិក្សា​លម្អិត​ ដើម្បី​ឲ្យ​ការ​ដោះ​ដូរ​ស្មើ​ភាព​គ្នា​ គឺ​មិន​ឲ្យ​បាត់​បង់​ដីឡើយ សូម្បី​តែ ១ ម៉ែត្រ​ការ៉េ។

លោក ហ៊ុន​ សែន បាន​ចង្អុល​បង្ហាញ​ថា ភូមិ ២ ក្នុង​ខេត្ត​កំពង់ចាម គឺ​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​​អន្លង់​ជ្រៃ ជា​ភូមិ​កំណើត​របស់​លោក ហេង សំរិន ស្ថិត​នៅ​ក្នុង​ទឹក​ដី​វៀតណាម​។ លោក​បាន​ឲ្យ​ដឹង​ថា លោក ហេង សំរិន ក៏​បាន​ទាមទារ​ភូមិ​ទាំង​នេះ តាំង​ពី​ឆ្នាំ ១៩៨៧ មក ព្រោះ​ភូមិ​ទាំង​នេះ​ បាន​ដាក់​ក្នុង​ផែន​ទី​ ក្នុង​ទឹក​ដី​វៀតណាម។ ប៉ុន្តែ​លោក​គូស​បញ្ជាក់​ថា​ ភូមិ​ទាំង​ពីរ​នេះ នឹង​ត្រូវ​រក្សា​ទុក​ឲ្យ​នៅ​ដដែល មិន​ឲ្យ​បាត់​បង់​ទៅ​ណា​ឡើយ។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ដោះដូរ​ដីនេះ​ គឺ​ត្រូវ​ធ្វើ​នៅ​ក្នុង​ខេត្ត​ដែល​នៅ​ជាប់​គ្នា មុន​នឹង​ការ​ដោះដូរ​ត្រូវ​ធ្វើ​ទៅ​ខេត្ត​ផ្សេង​។​ ទាក់​ទង​នឹង​ការ​បោះ​បង្គោល​ព្រំ​ដែន លោក ហ៊ុន សែន បាន​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ ទៅ​លើ​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដោយ​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​គឺ​រដ្ឋាភិបាល បាន​អនុវត្ត​តាម​ព្រះមហាវីរ​ក្សត្រ និង​ផែន​ទី​ដែល​ព្រះ​មហាវីរ​ក្សត្រ​ បាន​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ ១៩៦៤។

លោក​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា សន្ធិសញ្ញា​ព្រំដែន ឆ្នាំ ១៩៨២-៨៣-៨៥ ដែល​ធ្វើ​ឡើង​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រួម​ទាំង​សន្ធិសញ្ញា​ព្រំ​ដែន​បំពេញ​បន្ថែម ឆ្នាំ ២០០៥ ដែល​ត្រូវ​បាន​អនុម័ត​ ដោយ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា ហើយ​ត្រូវ​បាន​ឡាយ​ព្រះ​ហស្ថលេខា ដោយ​ព្រះ​មហា​ក្សត្រ​នរោត្តម សីហមុនី មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ បាត់​បង់​ទឹក​ដី​ទៅ​វៀតណាម ដូច​ការ​រិះ​គន់​ឡើយ​។​

ព្រំ​ដែន​សមុទ្រ​

លោក​នាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​កំណត់​ព្រំ​ដែន​សមុទ្រ មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បាន​បដិសេធ​ថា កម្ពុជា​មិន​បាន​បាត់បង់​ដែន​សមុទ្រ​ ដូច​ដែល​ត្រូវ​បាន​ក្រុម​ប្រឆាំង​ចោទ​ប្រកាន់​ទាំង​ងងឹត​ងងល់​នោះ​ទេ​។​ លោក​បាន​លើក​ឡើង​ថា៖«គេ​ចោទ​ប្រកាន់​ថា កម្ពុជា​បាន​បាត់បង់​ដែន​សមុ​ទ្រ ១០.០០០ ​គីឡូម៉ែត្រ​ការ៉េ​។ ប៉ុន្តែ​តាម​ពិត កម្ពុជា​និង​វៀតណាម នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​លើ​បញ្ហា​ដែន​សមុទ្រ​នៅ​ឡើយ​ទេ​។

លោក ហ៊ុន សែន បន្ត​ថា គេ​ចោទ​ប្រកាន់​ដោយ​ផ្អែក​ទៅ​លើ​ខ្សែ​បន្ទាត់​ ដែល​គេ​គូស​ជា​ឯក​តោ​ភា​គី កាល​ពី​ឆ្នាំ​ ១៩៧២​ប៉ុណ្ណោះ​។​ លោក បន្ត​ថា កម្ពុជា ​បាន​បាត់​បង់​សិទ្ធិ​ទាម​ទារ​កោះ​ត្រល់ ដោយ​សារ​​តែ​ការ​ប្រើប្រាស់​ខ្សែ​ប្រេវី​យ៉េ។ លោក​ពន្យល់​ថា តាម​ខ្សែ​ប្រេវីយ៉េ​នេះ គឺ​កោះ​ត្រល់ មិន​ស្ថិត​នៅ​ក្នុង ដែន​ដី​កម្ពុជា​ទេ។ លោក​បន្ថែម​ថា លោក​ប្រេវីយ៉េ កាល​ពីឆ្នាំ ១៩៣​៩ បាន​ដាក់​កោះ​ត្រល់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម ហើយ​ក្រោយ​មក​ នៅ​ឆ្នាំ ១៩៤៩ ទឹក​ដី​កូសាំស៊ីន ក៏​ត្រូវ​បារាំង កាត់​ទៅ​ឲ្យ​វៀតណាម និង​នៅ​ ឆ្នាំ ១៩៦៤ សម្តេច​សីហនុ បាន​យក​ផែន​ទី​ខ្សែ​ប្រេវីយ៉េ ទៅ​តម្កល់​នៅ​អង្គ​ការ​សហ​ប្រជាជាតិ ដើម្បី​ឲ្យ​អន្តរជាតិ និង​វៀត​ណាម ​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ព្រំ​ដែន​សមុទ្រ​កម្ពុជា និង​វៀតណាម។ ចំណុច​ទាំង​បី​នេះ​បាន​ន័យ​ថា កម្ពុជា​បាន​បាត់​​បង់​សិទ្ឋិ​ទាមទារ​កោះ​ត្រល់​ហើយ ដែល​នេះ​គឺជា​បញ្ហា​ផ្លូវ​ច្បាប់។ លោក​ហ៊ុន សែន គូស​បញ្ជាក់​៖

«ចំណុច​ចុង​ក្រោយ​ កម្ពុជា ​បាន​បញ្ជាក់​ថា ​ខ្លួន​ឈប់​ទាមទារ​កោះ​ត្រល់មក​វិញ​ហើយ​។ សម្តេច​ នរោត្តម សីហនុ ក៏​បាន​ប្រាប់​លោក Pham Van Dong ​នាយក​រដ្ឋ​មន្រ្តី​វៀតណាម ក្នុង​ឆ្នាំ ១៩៩៩ ​ថា កម្ពុជា​ ឈប់​ទាម​ទារ​កោះ​ត្រល់​ទៀត​ហើយ​»។ លោក​បន្ត​ថា នោះ​ជា​មូល​ហេតុ​ ដែល​កម្ពុជា​ បាត់​បង់​សិទិ្ធ​ទាមទារ​កោះ​ត្រល់​​។

លោក ហ៊ុន សែន បាន​ប្រាប់រដ្ឋ​សភា​ថា៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា ទាំង​ព្រំ​ដែន​ដី​គោក និង​ផ្ទៃ​ទឹក យើង​អនុវត្ត​តាម​ផែន​ទី​ ដែល​សម្តេច​ នរោត្តម សីហនុ បាន​តម្កល់​នៅ​អង្គការ​សហ​ប្រជា​ជាតិ​។ ​អ្នក​​​ជេរ​ ហ៊ុន សែន ដូចជេរ​សីហនុ ព្រោះ ហ៊ុន សែន ធ្វើ​តាម សីហនុ ទាំង​អស់​»​។

បក្ស​ប្រឆាំង​នៅ​តែ​មិន​ពេញ​ចិត្ត

នៅ​ពេល​ដើរ​ចេញ​ពី​រដ្ឋ​សភា លោក ស៊ុន ឆ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គណបក្ស សម រង្ស៊ី មិន​អាច​ទទួល​យក​ នូវ​អ្វី​ដែល​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ឡើយ​ដោយ​លោក​អះ​អាង​ថា លោក ហ៊ុន សែន ​មិន​បាន​យក​វេទិកា​របស់​រដ្ឋ​សភា ​មក​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ ពី​បញ្ហា​ព្រំដែន​នោះ​ទេ ប៉ុន្តែ​គាត់​យក​វេទិកា​នេះ​មក​ជេរ និង​បន្ទាប​បន្ថោក​គណបក្ស​ សម រង្ស៊ី។ ​លោក សុន ឆ័យ បាន​ថ្លែង​ថា៖ «​យើង​អបអរ​សាទរ​ ដែល​ប្រមុខ​រដ្ឋាភិបាល​មក​បំភ្លឺ​​ថា យើង​បាត់​បង់​ដី​ទៅ​វៀតណាម ថា​វៀតណាម​ មិន​ទាន់​ប្រគល់​ឲ្យ​យើង​វិញ​។ ប្រសិន​បើ​រដ្ឋាភិបាល ចង់​ឲ្យ​ច្បាស់ ចៀសវាង​យើង​សួរ​បន្ថែម​ទៀត ត្រូវ​តែ​អនុញ្ញាត​ឲ្យ​យើង​សួរ​សំណួរ​បន្ថែម​។ យ៉ាង​ហោច​ណាស់​ខ្ញុំ​ជា​ម្ចាស់​សំណួរ ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​សួរ​បន្ថែម​​ដែរ​»។

អ្នក​តាម​ដាន​គាំទ្រ​ផង រិះគន់​ផង​

ក្រុម​អ្នក​វិភាគ និង​អ្នក​សង្កេត​ការណ៍​នានា​បាន​ស្វាគមន៍​ចំពោះ​ការ​ថ្លែង​របស់​លោក​នាយក ​រដ្ឋ​មន្ត្រី ទាក់​ទង់​ទៅ​នឹង​បញ្ហា​ព្រំ​ដែន​កម្ពុជា​វៀតណាម​ ដោយ​លើក​ឡើង​ថា ការ​ថ្លែង​នេះ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពិស្តារ​ច្រើន ទាក់ទង​ទៅ​នឹង​ដំណើ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ដែល​មាន​ភាព​ចម្រូង​ចម្រាស តាំង​ពី​យូរ​មក​ហើយ​នោះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ពួក​គេ បាន​សម្តែង​ការ​សោក​ស្តាយ​ដោយ​សារ​តែ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង តែ​ម្នាក់​ឯង​ រហូត​ដល់​ជាង ៥ ម៉ោង ដោយ​មិន​ផ្តល់​ឱកាស ​ដល់​អ្នក​តំណាង​រាស្ត្រ​សួរ​សំណួរ និង​បាន​ប្រើប្រាស់​វេទិកា​នេះ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ ដោយ​ប្រើ​ពាក្យ​សម្តី​គ្រោត​គ្រាត ទៅ​លើ​គណបក្ស​ប្រឆាំងនឹង​អង្គការ​សង្គម​ស៊ីវិល​។

លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ថ្លែង​ថា លោក​សូម​ស្វាគមន៍ ចំពោះ​ការ​បង្ហាញ​ជា​សាធារណៈ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ វា​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ការ​មន្ទិល​សង្ស័យ​នោះ​ទេ ពាក់​ព័ន្ធ​និង​បញ្ហា​ព្រំ​ដែន​កម្ពុជា វៀត​ណាម ដោយ​សារ​តែ​លោក​ហ៊ុន សែន​ និយាយ​តែ​ម្នាក់​ឯង។ លោក​រ៉ុង ឈុន ដែល​តែង​តែ​ចុះ​ទៅ​មើល​ការ​បោះ​បង្គោល​ព្រំ​ដែន ជា​ញឹក​ញាប់​ ហើយ​ធ្លាប់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ដោយ​សារ​តែ​ធ្វើ​ការ​រិះគន់ ទៅ​លើ​សន្ធិសញ្ញា​ព្រំ​ដែន​ បំពេញ​បន្ថែម​នោះ បាន​និយាយ​ថា​៖«គាត់​និយាយ​តែ​ម្នាក់​ឯង​ច្រើន​ម៉ោង​ពេក គួរ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ លើក​ជា​សំណួរ។ ប្រសិន​បើ​គាត់​ ឲ្យ​អ្នក​តំណាង​រាស្ត្រ សួរ​ដេញ​ដោល ​ទើប​ជា​ការ​ល្អ ហើយ​វា​នឹង​អាច​បែក​ធ្លាយ​រឿង​​រ៉ាវ​ច្រើន​ផ្សេង​ទៀត​»។ លោក​បាន​បន្ត​ទៀត​ថា ការ​បោះ​បង្គោល​ព្រំ​ដែន យ៉ាង​ហោច​ណាស់ គេ​ត្រូវ​ផ្អែក​ទៅ​លើ ៣ ចំណុច​ ទី​មួយ ផែន​ទី ទីពីរ សាក្សី​ ដែល​រស់​នៅ​លើ​ដី​ជាក់​ស្តែង និង​ទីបី គឺ​ទីតាំង​ភូមិសាស្ត្រ​។

លោក​បន្ថែម​ថា តាម​ការ​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លោក​មិន​ដែល​ឃើញ​បង្គោល​ព្រំ​ ដែន​ណា បោះ​នៅ​ក្នុង​ដី​ស្រែ​វៀតណាម​នោះ​ទេ គឺ​តែង​តែ​ឃើញ​បោះ​នៅ​ក្នុង​ដី​ស្រែ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។ លោក​រ៉ុង ឈុន​គូស​បញ្ជាក់​ទៀត​ថា៖«ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ដែល​ថា វៀតណាម​ បាន​ចូល​មក​ក្នុង​ដី​ខ្មែរ​ជាង​ ២០០០ ហិកតា វា​គឺ​ជា​ការ​ទទួល​ស្គាល់​ការ​ពិត​មួយ ពីព្រោះ​កាល​ពីមុន ​រដ្ឋាភិបាល ​តែង​តែ​បដិសេធ​ថា វៀតណាម​មិន​បាន​រំលោភ​យក​ទឹក​ដី​កម្ពុជា​ទេ​»។

ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​លេខា​ផ្ទាល់​ និង​ជា​ទីប្រឹក្សា របស់​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ មាន​បន្ទូល​ថា រដ្ឋាភិបាល ​ដែល​ដឹក​នាំ​ដោយ​សម្តេច​ឪ មិន​បាន​យល់​ព្រម ឲ្យ​បារាំង​ បែង​ចែក​ទឹក​ដី​ជាមួយ​នឹង​វៀតណាម​ឡើយ​។

ព្រះ​អង្គធម្មិកោ គូស​បញ្ជាក់​ផង​ដែរ​ថា​៖«​ផែន​ទី​ដែល​សម្តេច​ឪ ​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា កោះ​ត្រល់​ជា​ដី​ខ្មែរ»។ ព្រះ​អង្គ​ មាន​បន្ទូល​ទៀត​ថា កម្ពុជា​ បាន​ជំទាស់​មិន​ឲ្យ​បារាំង យក​កោះ​ត្រល់ ប្រគល់​ឲ្យ​កូសាំង​ស៊ីន​ឡើយ។ មាន​ន័យ​ថា «កម្ពុជា​ទុក​កោះ​ត្រល់​ជា​របស់​កម្ពុជា​»។

លោក​ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពិស្តារ​ច្រើន អំពី​ការ​ប្រឹង​ប្រែង​ របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​កិច្ចការ​ លើ​បញ្ហា​ព្រំដែន​កម្ពុជា​ វៀតណាម ចាប់​តាំង​ពី​ឆ្នាំ ១៩៨០ មក​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ខណ្ឌ​សីមា​ព្រំដែន​ជាក់​លាក់​មួយ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​បាន​រិះ​គន់​ថា​៖​«​របៀប​បង្ហាញ​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​វា​ដូច​ជា​ការ​វាយ​ប្រហារ ​ទៅ​លើ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី លោក​សុន ឆៃ និង​លោក​ស៊ាន ប៉េងសែ។ គេ​គួរ​តែ​ឲ្យ​មាន​ការ​សួរ​ដេញ​ដោល​តាម​បែប​សភា​ប្រជាធិបតេយ្យ​»។

លោក​អ៊ូ វីរៈប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ជា​ដំណើរ​ការ​វិជ្ជមាន​មួយ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ ទាក់​ទង​ទៅ​នឹង​ការ​បោះ​បង្គោល​ព្រំ​ដែន ដែល​តែង​តែ​មាន​ការ​រិះ​គន់។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ និយាយ​តែ​ម្នាក់​ឯង រហូត​ទៅ​ដល់​ជាង ៥ ម៉ោង​។

លោក​និយាយ​ថា៖«គាត់​អត់​ឲ្យ​គេ​សួរ​ទាល់​តែ​សោះ​។ ដូច្នេះ​ខ្ញុំ​យល់​ថា អ្វី​ដែល​លោក ​ហ៊ុន សែន គាត់​និយាយ ដូច​អត់​ប្លែក​ទេ​»។

លើស​ពី​នេះ​ទៅ​ទៀត ទាំង​លោក រ៉ុង ឈុន ទាំង​លោក​ឡៅ ម៉ុង​ហៃ និង​ទាំង​លោក អ៊ូ វីរៈ សុទ្ធ​តែ​មើល​ឃើញ​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​យក​វេទិកា​សភា ដើម្បី​ឃោស​នា​នយោបាយ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ ២០១៣ ។

លោក​រ៉ុង ឈុន បាន​និយាយ​ថា​៖ «​គាត់​វាយ​ប្រហារ គាត់​ប្រមាថ គណ​បក្ស​ប្រឆាំង ​និង​លោក​ស៊ាន ប៉េង​សែ ដោយ​ប្រើ​ភា​សាគ្រោត​គ្រាត នៅ​ក្នុង​រដ្ឋ​សភា ដែល​ការ​ធ្វើ​បែប​នេះ គាត់​មិន​គោរពនិង​មិន​ឲ្យ​តម្លៃ​រដ្ឋ​សភា​ឡើយ​»។ លោក​បាន​បញ្ជាក់​ថា សកម្ម​ភាព​ទាំង​អស់​នេះ វា​ច្បាស់​ណាស់​ថា ​លោក​ហ៊ុន សែន បាន​យក​វេទិកា​រដ្ឋ​សភា ធ្វើ​ការ​វាយ​ប្រហារ​គណ​បក្ស​ប្រឆាំង ដើម្បី​ស្វែងរក​ប្រជាប្រិយភាព សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

លោក ឡៅ ម៉ុងហៃ ក៏​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង របស់​លោក​រ៉ុង ឈុន​ផង​ដែរ ដោយ​មាន​ប្រសាសន៍​ថា​ «​វាជា​យុទ្ធនាការ​រក​សន្លឹក​ឆ្នោត របស់​លោក​នាយក​រដ្ឋ​មន្ត្រី​» ដោយ​សារ​តែ​គាត់ អាច​ធ្វើ​ការ​វាយ​ប្រហារ​បាន​តាម​ចិត្ត ទៅ​លើ​គណ​បក្ស​ប្រឆាំង ដោយ​គ្មាន​ការ​តបត ខណៈ​ដែល​ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់ តាម​វិទ្យុ និង​ទូរទស្សន៍​ជា​ច្រើន​។

លោក​អ៊ូ វីរៈ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖«​វា​ប្រាកដ​ណាស់ គាត់​ប្រើ​ប្រាស់​វេទិកា​នេះ ដើម្បី​ស្វែង​រក​ការ​គាំទ្រ»៕ TK

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: