THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ទទួលយកមិនបាន៖ មតិ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំពោះ​ ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

leave a comment »


ដោយ ម៉ៅ សុធានី
2012-09-19
ប្រភព៖អាស៊ីសេរី

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស បាន​បញ្ចេញ​ប្រតិកម្ម​ខុសៗ​គ្នា ចំពោះ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។

ពលរដ្ឋ​ខ្លះ​យល់​ឃើញ​ថា សាលាក្ដី​ខ្មែរ​ក្រហម គួរ​តែ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដែល​បាន​ចូល​រួម​ជាមួយ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាច្រើន​នាក់​ទៀត បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​២លាន​នាក់ បាន​បាត់​បង់​ជីវិត ដោយ​សារ​ការ​កាប់​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​បង្អត់​អាហារ​ជាដើម ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។

ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម បច្ចុប្បន្ន​រស់នៅ​ក្រៅ​ប្រទេស បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឲ្យ​នៅ​ក្រៅ​ឃុំ។ អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច ដែល​ជា “ស្ត្រី​ទី១” មាន​តួនាទី​ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ការ​ធ្វើ​ទារុណកម្ម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា។

ពលរដ្ឋ​ខ្មែរ​ម្នាក់ អ្នកស្រី ម៉ារី ជា បច្ចុប្បន្ន​រស់នៅ​ក្នុង​រដ្ឋ​វឺហ្យីនា (Virginia) សហរដ្ឋ​អាមេរិក មាន​សមាជិក​ក្រុម​គ្រួសារ​ប្រមាណ​ជាង​៥០នាក់ បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម។ អ្នកស្រី​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ថា ការ​ដោះ​លែង​ជន​ជាប់​ចោទ​ដែល​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្លួន​បែប​នេះ គឺ​បង្ហាញ​គំរូ​អាក្រក់​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស និង​ជា​ទង្វើ​មួយ​មិន​សម​ហេតុ​សម​ផល៖ «នៅ​តែ​មាន​ទោស គ្មាន​ពេល​អ្នក​ឯង​រួច​ខ្លួន​ទេ ទោះ​ជា​ចាស់​វង្វេង​វង្វាន់​ក៏ដោយ។ អ្នក​កាប់​សម្លាប់​គេ​វា​បាន​ចិត្ត វា​ចេះ​តែ​ធ្វើ​ទៀត។ ស្រុក​គេ​ដែល​មាន​ច្បាប់​ទម្លាប់ គេ​គោរព​ច្បាប់ អ្នក​ណា​ធ្វើ​អ្វី អ្នក​នឹង​ទទួល​ហ្នឹង។ មិន​មែន​យក​គំនិត​ថា ធ្វើ​អ្វី​មិន​កើត​ឲ្យ​រួច​ខ្លួន​ទេ»

កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១២ តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​បញ្ជាក់​ហេតុ​ផល​ថា អៀង ធីរិទ្ធ មាន​ជំងឺ​វង្វេង​វង្វាន់ និង​បាត់​ការ​ចង​ចាំ​ធ្ងន់ធ្ងរ មិន​អាច​ចូល​រួម​តតាំង​ក្ដី​ក្នុង​សវនាការ​បាន​ទេ និង​មិន​មាន​សញ្ញា​ណា​មួយ​នឹង​អាច​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បាន​នោះ​ទេ។ ហេតុ​ផល​នេះ គឺ​ផ្អែក​តាម​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ផ្នែក​ពេទ្យ​ចិត្តសាស្ត្រ ពេទ្យ​វិកល​ចរិត និង​ពេទ្យ​ផ្នែក​ជំងឺ​មនុស្ស​ចាស់។

អតីត​និស្សិត​ពី​ប្រទេស​បារាំង ម្នាក់ គឺ​អ្នកស្រី នូវ សារឹម ត្រូវ​បាន​មេ​ដឹកនាំ​ខ្មែរ​ក្រហម​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បឹង​ត្របែក ក្នុង​រាជធានី​ភ្នំពេញ ក្នុង​សម័យ​ខ្មែរ​ក្រហម។ អ្នកស្រី នូវ សារឹម សព្វថ្ងៃ​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដោយ​សារ​ក្រុម​គ្រួសារ​អ្នកស្រី រួម​មាន​កូន​២នាក់ និង​ស្វាមី បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​ក៏ដោយ ក៏​អ្នកស្រី​ជឿ និង​យល់​ស្រប​ទៅ​តាម​ការ​សម្រេច​របស់​ពេទ្យ៖ «ពេទ្យ​គេ​ថា​គាត់​មិន​អាច​ឡើង​តុលាការ​បាន ដោយ​សារ​គាត់​ឆ្កួត​អ៊ីចឹង។ ចំពោះ​ខ្ញុំ បើ​ខ្ញុំ គឺ​ជឿ​ទៅ​តាម​ពេទ្យ បើ​ពេទ្យ​គេ​មើល​ឃើញ​យ៉ាង​ម៉េច ត្រូវ​តែ​ធ្វើ​ទៅ​តាម​ការ​សម្រេច​របស់​ពេទ្យ។ ម៉្យាង ខ្ញុំ​យល់​ថា អ្នក​ដែល​ទៅ​ជា​ឆ្កួត​អ៊ីចឹង បាន​ន័យ​ថា គាត់​ឈឺ​ចាប់ និង​មាន​វិប្បដិសារី​ដល់​កម្រិត ទើប​បាន​ទៅ​ជា​វង្វេង​វង្វាន់​ឆ្កួត​អ៊ីចឹង»

ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នេះ​ដែរ អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក អៀ ចាន់ណា មាន​ប្រសាសន៍​ពី​ប្រទេស​ន័រវែស (Norway) ថា ទង្វើ​នេះ​ជា​ភាព​អយុត្តិធម៌​បំផុត​ចំពោះ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម។ លោក​ថា តុលាការ​ខ្មែរ​ក្រហម​គួរ​មាន​វិធានការ​ណា​មួយ​សមស្រប​ជាង​នេះ៖ «ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​អនុវត្ត​មួយ​ដែល​មាន​លក្ខណៈ​មិន​យុត្តិធម៌​ចំពោះ​ជន​រងគ្រោះ​ប្រមាណ​ជាង​២លាន​នាក់ បាន​សម្លាប់​ក្នុង​របប​ដែល​លោកស្រី អៀង ធីរិទ្ធ កាល​នោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច។ បើ​យោង​លើ​ស្មារតី​យុត្តិធម៌ និង​គតិ​ច្បាប់ ការ​ដោះ​លែង​ទាំង​ស្រុង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺ​ជា​ការ​អនុវត្ត​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ជន​រងគ្រោះ»

អ្នកស្រី អៀង ធីរិទ្ធិ អាយុ​៨០ឆ្នាំ គឺ​ជា​ភរិយា​របស់​ជន​ជាប់​ចោទ អៀង សារី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ជំនាន់​ខ្មែរ​ក្រហម។ ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ដាក់​លក្ខខណ្ឌ​៣ចំណុច។ ទី១ ជន​ជាប់​ចោទ​ត្រូវ​ជូន​ដំណឹង​ដល់​អង្គ​ជំនុំ​ជម្រះ​អំពី​អាសយដ្ឋាន​ដែល​ខ្លួន​ស្នាក់​នៅ។ ទី២ ជន​ជាប់​ចោទ​ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន និង​ឯកសារ​ធ្វើ​ដំណើរ​ពាក់ព័ន្ធ​ដទៃ​ទៀត ហើយ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។ ទី៣ ជន​ជាប់​ចោទ​ត្រូវ​គោរព​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ។

ទោះ​បី​ជា​ក្នុង​ហេតុ​ផល​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ (Finland) លោក ប៉ាង សុខឃឿន មាន​ប្រសាសន៍​ថា តុលាការ​ខ្មែរ​ក្រហម​គួរ​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ និង​ត្រូវ​ស៊ើប​អង្កេត​បន្ថែម​ទៀត ស្វែង​រក​ការ​ពិត​នៅ​ពី​ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម៖ «ការ​ដោះ​លែង​នេះ ពិត​ជា​មិន​ត្រឹមត្រូវ​ទេ។ ហើយ​ខ្ញុំ​សំណូម​ពរ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ ពីព្រោះ អ្វី​ដែល​គាត់​បាន​កសាង​ក្នុង​របប ប៉ុល ពត គឺ​មាន​គ្រោះថ្នាក់​ធ្ងន់​ណាស់ បន្សល់​ទុក​នូវ​ទុក្ខវេទនា​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ»

បន្ថែម​ពី​ទស្សនៈ​ខុសៗគ្នា​ខាង​លើ​នេះ ព្រះតេជព្រះគុណ ហុក សុវណ្ណ មាន​ថេរ​ដីកា​ពី​វត្ត​ម៉ុងត្រេអាល់ (Montreal) ពី​ប្រទេស​កាណាដា ថា ទោះ​បី​ជា​ជន​ជាប់​ចោទ អៀង ធីរិទ្ធ មាន​ស្ថានភាព​សុខភាព​យ៉ាង​ណា​ក៏ដោយ តុលាការ​ខ្មែរ​ក្រហម​ត្រូវ​តែ​កាត់​ទោស​ដដែល ដើម្បី​រក​រឿង​ហេតុ​ឲ្យ​ដឹង​អំពី​តួនាទី និង​កំហុស​របស់​គាត់៖ «អាត្មា​យល់​ថា រឿង​សុខភាព បាត់​បង់​ការ​ចងចាំ​ម្យ៉ាង តែ​សុំ​ឲ្យ​នៅ​តែ​កាត់​ទោស​ដដែល ទោះ​បី​ជា​គាត់​មិន​ឆ្លើយ​ផ្ទាល់​ក៏ដោយ ត្រូវ​រក​រឿង​ហេតុ​ក្នុង​តំណែង​របស់​គាត់​ដែល​បាន​ប្រព្រឹត្ត​ខុស​មក​លើ​ប្រជាជន។ តាម​អាត្មា​ដឹង ប្រជារាស្ត្រ​ទូទៅ​ចង់​រក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ»

ចំណែក​លោក​សាស្ត្រាចារ្យ សំ សុខ បាន​មាន​ប្រសាសន៍​ពី​ប្រទេស​បារាំង គាំទ្រ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នេះ៖ «ជា​គោលការណ៍ គេ​មិន​យក​មនុស្ស​ឆ្កួត​យក​ទៅ​កាត់​ទោស​ទេ ពីព្រោះ​ថា មនុស្ស​ឆ្កួត​គឺ​មនុស្ស​ឡប់​សតិ។ ពេល​គេ​សួរ​គាត់ គាត់​អាច​ឆ្លើយ​ផ្ដេសផ្ដាស ដូច្នេះ​តុលាការ​មិន​អាច​ធ្វើ​ការ​បាន​ទេ។ ដើម្បី​កាត់​សេចក្តី​ក្នុង​រឿង​អ្វី​មួយ តុលាការ​ត្រូវ​ការ​រក​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ ទើប​ធ្វើ​សេចក្តី​សម្រេច​បាន។ បើ​សិន​ជា​អ្នក​មាន​វិកល​ចរិត គឺ​គេ​មិន​អាច​យក​ជា​ការ​បាន​ទេ»

កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​កម្ពុជា គ្រប់គ្រង​ប្រទេស​កម្ពុជា ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា​ជិត​ពីរ​លាន​នាក់​ស្លាប់ ដោយ​សារ​ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់ ការ​បង្អត់​អាហារ ការ​បង្ខំ​អោយ​ធ្វើ​ការ​បាក់​កម្លាំង និង​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ។

ជន​ជាប់​ចោទ​ជា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៥នាក់ រួម​មាន នួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ និង​កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម កំពុង​ជំនុំ​ជម្រះ​រឿង​ក្តី​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ និង​បទ​ចោទ​មួយ​ចំនួន​ទៀត ដូចជា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា​ជាដើម។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ជន​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: