THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នក​វិភាគ៖ លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​ផ្អែក​លើ​ការ​ កសាង​មូលដ្ឋាន​នីតិរដ្ឋ

leave a comment »


 

ដោយ តាំង សារ៉ាដា
2012-09-29
ប្រភព៖អាស៊ីសេរី

អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម​មួយ​ចំនួន បាន​អះអាង​ថា ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​របស់​មនុស្ស ផ្អែក​លើ​ការ​កសាង​មូលដ្ឋាន​នីតិរដ្ឋ។

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ផ្ទុយ​វិញ​ថា សេរីភាព​របស់​មនុស្ស អាច​កើត​មាន​ទៅ​បាន ត្រូវ​ចាប់​ផ្ដើម​ពី​ការ​អភិវឌ្ឍ​ជាតិ ជា​មូលដ្ឋាន​មុន​សិន។

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល បាន​អះអាង​ថា សង្គម​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ទាម​ទារ​ការ​ចូល​រួម និង​ការ​គោរព​តាម​មតិ​ភាគ​ច្រើន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល។ ដូច្នេះ មតិ​ភាគ​តិច​ត្រូវ​តែ​ជៀសវាង​ការ​បង្កើត​ឧបសគ្គ ឬ​មិន​គោរព​ឆន្ទៈ​នៃ​ការ​ដឹកនាំ​របស់​មតិ​ភាគ​ច្រើន។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​មនុស្ស ត្រូវ​ផ្ដើម​ចេញ​ពី​ការ​អភិវឌ្ឍ ការ​គោរព​សិទ្ធ​មនុស្ស និង​ការ​គ្រប់គ្រង​របស់​មតិ​ភាគ​ច្រើន៖ «និយាយ​ពី​សិទ្ធិ​សេរីភាព​នៅ​ក្នុង​បរិបទ​របស់​កម្ពុជា សិទ្ធិ​សេរីភាព គឺ​ស្ថិត​នៅ​លើ​ការ​អភិវឌ្ឍ គោរព​សិទ្ធិ​មនុស្ស ការ​ទទួល​នៃ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​គោរព និង​ការ​អនុវត្ត​អ្វី​ដែល​ជា​ប្រតិបត្តិ​កិច្ចការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស។ លទ្ធិប្រជាធិបតេយ្យ គឺ​យក​មតិ​ភាគ​ច្រើន​ជា​ធំ ហើយ​និង​ការ​ចូល​រួម​ជា​ធំ។ ដូច្នេះ ពហិការ​មិន​គួរ​មាន​ក្នុង​បរិបទ​នយោបាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះ​ទេ»

ប៉ុន្តែ ក្រុម​អ្នក​រិះគន់​បាន​បកស្រាយ​ថា ដើម្បី​ឲ្យ​មាន​ការ​គោរព​មតិ​ភាគ​ច្រើន​ទៅ​បាន លុះត្រា​មតិ​ភាគ​ច្រើន​នោះ កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ មិន​មាន​ការ​បំភិត​បំភ័យ និង​លួច​បន្លំ​សន្លឹក​ឆ្នោត។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស​ក្នុង​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​ថា បាន​បំបិទ​សិទ្ធិ​នយោបាយ​របស់​ក្រុម​មតិ​ភាគ​តិច៖ «លទ្ធិប្រជាធិបតេយ្យ​មាន​ន័យ​ថា មតិ​ភាគ​ច្រើន​ធ្វើ​ការ​សម្រេច​កិច្ចការ​ធំៗ ប៉ុន្តែ​ត្រូវ​តែ​គោរព​សិទ្ធិ​មតិ​ភាគ​តិច។ ត្រូវ​តែ​ស្តាប់​យោបល់ ឬ​មួយ​ឲ្យ​មតិ​ភាគ​តិច​មាន​ឱកាស​ផ្តល់​យោបល់ គោរព​សិទ្ធិ​សេរីភាព​របស់​មតិ​ភាគ​តិច។ ទោះ​មាន​មតិ​ភាគ​ច្រើន​មែន តែ​មតិ​ភាគ​ច្រើន​នេះ មិន​អាច​សម្រេច​ជិះ​ជាន់​សម្លាប់​មតិ​ភាគ​តិច ដូច​នៅ​ប្រទេស​កម្ពុជា គឺ​បិទ​សម្លាប់​សិទ្ធិ​នយោបាយ​របស់​មតិ​ភាគ​តិច ដូច​នៅ​ប្រទេស​កម្ពុជា។ ដូច្នេះ ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន គឺ​មិន​មែន​ជា​លទ្ធិប្រជាធិបតេយ្យ»

ជុំវិញ​ទស្សនៈ​វិស័យ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នេះ​ដែរ អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) បាន​បកស្រាយ​ថា សិទ្ធិ​សេរីភាព​របស់​មនុស្ស នឹង​មិន​អាច​កើត​មាន​ទៅ​បាន​ទេ ដរាប​ណា​សង្គម​នោះ​គ្មាន​យុត្តិធម៌៖ «សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា សង្គម​ដែល​អាច​មាន​ប្រជាធិបតេយ្យ​ខ្លាំង និង​ល្អ​ទៅ​បាន លុះត្រា​ណា​សន្តិសុខ និង​សិទ្ធិ​សេរីភាព​របស់​មនុស្ស ត្រូវ​បាន​ធានា​ដោយ​នីតិរដ្ឋ។ អ្នក​មិន​អាច​មាន​សន្តិសុខ​ទៅ​បាន​ដោយ​គ្មាន​សេរីភាព​នោះ​ឡើយ។ ដូច​អ្នក​ដឹង​ហើយ​ថា ជន​ផ្តាច់​ការ​តែង​លើក​ឡើង​អំពី​បញ្ហា​សន្តិសុខ ហើយ​គេ​បាន​យក​បញ្ហា​សន្តិសុខ​នេះ ជា​លេស​ក្នុង​ការ​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​មនុស្ស»

អ្នកស្រី​មាន​ប្រសាសន៍​បន្ត​ថា សេរីភាព​របស់​មនុស្ស ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​សេរីភាព​ត្រូវ​ចាក​ឲ្យ​ផុត​ការ​ភ័យ​ខ្លាច និង​ធានា​ដោយ​នីតិរដ្ឋ។ ដូច្នេះ បើ​គ្មាន​នីតិរដ្ឋ​ទេ ក៏​គ្មាន​យុត្តិធម៌ សន្តិភាព និង​ការ​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​របស់​ពលរដ្ឋ​នោះ​ដែរ។

ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មាន​វ័យ ៦៧ឆ្នាំ រូប​នេះ ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ភូមា ចាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ អស់​រយៈពេល​ជាង ២០ឆ្នាំ ចាប់​ពី​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​២០១០ ដោយ​សារ​មេ​បក្ស​ជំទាស់​ដ៏​ធំ​មួយ​នេះ បាន​ឈ្នះ​សំឡេង​ឆ្នោត ៥៩% ហើយ​ទទួល​បាន​អាសនៈ​ក្នុង​សភា​ជាង ៨០% ថែម​ទៀត។

ទាក់​ទិន​នឹង​ចក្ខុវិស័យ​ប្រកប​ដោយ​សន្តិភាព ក្នុង​ការ​កសាង​ប្រជាជាតិ​របស់​ភូមា តាម​យន្តការ​ប្រជាធិបតេយ្យ​នេះ​ដែរ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​អនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា បាន​យល់​ស្រប​នឹង​ទស្សនៈ​វិស័យ​របស់​អ្នកស្រី អ៊ុង សានស៊ូជី។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ទាំង​ប្រទេស​ភូមា ទាំង​កម្ពុជា ហាក់​មាន​ជំងឺ​តែ​មួយ គឺ​ជំងឺ​មិន​គោរព​អំណាច​ច្បាប់​ជា​ធំ និង​ការ​យក​បញ្ហា​សន្តិសុខ​ជាតិ មក​គំរាម​គាប​សង្កត់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​មនុស្ស៖ «ប្រទេស​ខ្លះ គេ​មាន​ច្បាប់​អំពី​សន្តិសុខ​ជាតិ​ហ្នឹង គេ​ប្រើប្រាស់​ថា អាហ្នឹង​វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ក៏​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ក្នុង​សង្គម​អី​អ៊ីចឹង​ទៅ។ ហ្នឹង គេ​ក៏​មាន​ច្បាប់​មួយ ដើម្បី​ដាក់​ទណ្ឌកម្ម ហើយ​យក​ច្បាប់​សន្តិសុខ​ហ្នឹង ដាក់​ទណ្ឌកម្ម​ដល់​អ្នក​តវ៉ា​ថា អាហ្នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ម៉្លោះ​គេ​ចាប់​អ្នក​នោះ​ដាក់​ឃុំ​ឃាំង ហើយ​ប្រទេស​ខ្លះ​ដែល​មាន​ច្បាប់​ខ្លះ​អត់​កំណត់​ថា ឃុំ​ឃាំង​រយៈពេល​ប៉ុន្មាន​ទេ តែ​រហូត​អ៊ីចឹង​ទៅ»

ចំពោះ​បរិបទ​នៃ​ការ​ប្រើប្រាស់​សន្តិសុខ​ជាតិ មក​គំរាម​កំហែង និង​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នេះ​ដែរ លោក ចាន់ សុវេត មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) មាន​ប្រសាសន៍​ថា ប្រទេស​រីក​ចម្រើន​ជឿនលឿន​ក្នុង​ពិភព​លោក​ជាច្រើន អាច​ប្រើប្រាស់​យន្តការ​សន្តិសុខ​ជាតិ ដើម្បី​ដក​ហូត​សិទ្ធិ​របស់​មនុស្ស​បាន​តែ​ក្នុង​ពេល​ដែល​ប្រទេស​មាន​ភាព​អាសន្ន។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ជឿនលឿន​ទាំង​នេះ តែង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់ និង​ថែម​ទាំង​មាន​ការពារ​សន្តិសុខ​ដល់​ក្រុម​អ្នក​តវ៉ា ឬ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ថែម​ទៀត៖ «ប្រសិន​បើ​យើង​ពិនិត្យ​ឆ្លុះ​បញ្ចាំង​ប្រទេស​កម្ពុជា យើង​ឃើញ​ថា បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ គឺ​ជា​រឿង​ចាំបាច់ ដោយ​សារ​តែ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​មួយ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ និង​កំពុង​តែ​បំពេញ​កាតព្វកិច្ច​ខ្លះ​សម្រាប់​ការពារ​នូវ​អំណាច​ខ្លះ​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​នោះ គឺ​បញ្ឈប់​ការ​តវ៉ា ឬ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាដើម។ ក្នុង​នាម​ខ្ញុំ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស ខ្ញុំ​មើល​ឃើញ​ថា ការ​ដក​ហូត​សិទ្ធិ​សេរីភាព ដែល​គ្មាន​ដែន​កំណត់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស»

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស (Human Rights Watch) លោក ប្រែត អាដាម (Brad Adams) ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ២១ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួច​មក ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​បោះ​ជំហាន​ថយ​ក្រោយ ដោយ​សារ​កម្ពុជា ខក​ខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ដែល​អាច​នាំ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេស​មិន​បាន​ជោគជ័យ។

ក្រុម​អ្នក​ឃ្លាំ​មើល​ខ្លះ​ឲ្យ​ដឹង​ថា ក្រៅ​ពី​កម្ពុជា បាន​រំលោភ​ដល់​ឆន្ទៈ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នោះ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក៏​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដែល​មាន​អាយុ ១៩ឆ្នាំ យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ការ​រំលោភ​ទាំង​នោះ មាន​ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បង្កើត​ច្បាប់​ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ដូច​ជា ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី។

ជាមួយ​គ្នា​នេះ គេ​ឃើញ​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​មាត្រា​ជាច្រើន បង្កប់​នូវ​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព ដូច​ជា​បទ​ញុះញង់ បទ​អត្ថាធិប្បាយ​លើ​សេចក្តី​សម្រេច​របស់​តុលាការ បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ បទ​បរិហារកេរ្តិ៍ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជាដើម។

ប៉ុន្តែ មន្ត្រី​គណបក្ស​កាន់​អំណាច តែង​អះអាង​ថា ស្ថិរភាព​នយោបាយ​របស់​កម្ពុជា កំពុង​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់ ខណៈ​ពលរដ្ឋ​ខ្មែរ​ទូទៅ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ធ្លាប់​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​គ្រប់​បែប​យ៉ាង ដូច​ជា​សេរីភាព​ខាង​ជំនឿ​សាសនា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ​ជាដើម ដរាប​ណា​សេរីភាព​ទាំង​នោះ​មិន​ប៉ះពាល់​អ្នក​ដទៃ ឬ​សណ្ដាប់ធ្នាប់​សង្គម៖ «មាន​សេរីភាព​គ្រប់​បែប​យ៉ាង​ទាំង​អស់ ប៉ុន្តែ​អ្នក​ដែល​មាន​សេរីភាព​មិន​អាចយ​ក​សិទ្ធិ​ដែល​ច្បាប់​ឲ្យ​នោះ ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បាន​ឡើយ។ សេរីភាព​ហ្នឹង គឺ​កុំ​ឲ្យ​ប៉ះពាល់​ដល់​គេ អ្នក​ឯង​មាន​សេរីភាព មានៗ​ទៅ កុំ​ឲ្យ​តែ​ប៉ះពាល់​គេ គេ​អាច​ប្ដឹង​តវ៉ា ប្ដឹង​បរិហារកេរ្តិ៍​ត្រលប់​មក​វិញ​បាន»

ក្រុម​សិទ្ធិ​មនុស្ស​បាន​សង្កេត​ឃើញ​ថា រយៈពេល​ចុង​ក្រោយ​នេះ សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ តែង​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ក្រុម​អ្នក​តវ៉ា​អំពី​បញ្ហា​ដីធ្លី សិទ្ធិ​ការងារ និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ។ សមត្ថកិច្ច តែង​ចោទ​សកម្មជន​ទាំង​នោះ​ពី​បទ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ បំផ្លាញ​សន្តិសុខ​សាធារណៈ បំផ្លាញ​ទ្រព្យ​សម្បត្តិ​​ សាធារណៈ និង​ការ​បង្កើត​តំបន់​អបគមន៍​ជាដើម។ រហូត​មក​ទល់​ពេល​នេះ គេ​ដឹង​ថា មាន​សកម្មជន​ដីធ្លី សកម្មជន​ការពារ​សិទ្ធិ​មនុស្ស អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់ កំពុង​រស់នៅ​និរទេស​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា៕

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: