THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ពាក្យ​វប្បធម៌​គាំទ្រ​អ្នក​ទោស (ចុះក្រុមហ៊ុន សែន បង្កើតវប្បធម៌អ្វីដែរ? វប្បធម៌បំបិតមាត់ និងសំលាប់ខ្មែរ?)

leave a comment »


ដោយ វណ្ណ វិចារ
2012-10-09

RFA/Vichey Anandh អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ប្រមាណ​ជិត ១០០​នាក់ យក​ញត្តិ​ដាក់​ថ្វាយ​ជូន​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះ​អង្គ​អន្តរាគមន៍​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី៨ តុលា ឆ្នាំ​២០១២។

ក្រុម​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ នេះ មាន​ពលរដ្ឋ​តវ៉ា​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ទោស​ជាច្រើន​ដង​ច្រើន​សារ។

ករណី​ដំបូង ជា​ការ​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​ករណី​ទី២ ជា​ការ​តវ៉ា​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ។ មន្ត្រី​រដ្ឋាភិបាល បាន​ប្រកាស​ចំហ​ហៅ​អ្នក​ដែល​ចូល​រួម​ធ្វើ​ការ​តវ៉ា​នៅ​មុខ​តុលាការ​ថា ជា​ក្រុម​មនុស្ស​ប្រកាន់​វប្បធម៌​គាំទ្រ​អ្នក​ទោស។ ប៉ុន្តែ តំណាង​អ្នក​តវ៉ា និង​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​តវ៉ា បាន​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល កាល​ពី​សប្ដាហ៍​មុន បាន​ដាក់​ងារ​ឲ្យ​អ្នក​ដែល​តវ៉ា​នៅ​មុខ​តុលាការ ដើម្បី​ឲ្យ​តុលាការ​ដោះ​លែង​ជន​ជាប់​ចោទ​ថា ជា​ក្រុម​មនុស្ស​ដែល​ប្រើប្រាស់​វប្បធម៌​គាំទ្រ​អ្នក​ទោស និង​ព្យាយាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់។ ប៉ុន្តែ អ្នក​តវ៉ា និង​សង្គម​ស៊ីវិល បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល​ថា ក្រុម​មន្ត្រី​កំពុង​ព្យាយាម​លាប​ពណ៌​ពលរដ្ឋ។

តំណាង​ពលរដ្ឋ​តំបន់​បឹងកក់​ដែល​ទើប​តែ​ចេញ​ពី​គុក​ព្រៃស មិន​ដល់ ៣ខែ​ផង​នោះ អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី៩ តុលា មាន​ប្រសាសន៍​ថា ពលរដ្ឋ​បឹងកក់​បាន​ធ្វើ​សកម្មភាព​តវ៉ា​ជាច្រើន​ដង​ច្រើន​សារ ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​អ្នក​ភូមិ​បឹងកក់ បន្ទាប់​ពី​តុលាការ​សម្រេច​ចោទ​ប្រកាន់​អ្នក​បឹងកក់ ដោយ​អយុត្តិធម៌។ អ្នកស្រី​បន្ត​ថា អ្នក​បឹកកក់ មិន​គាំទ្រ​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​បំផ្លាញ​សង្គម​នោះ​ឡើយ។

អ្នកស្រី ទេព វន្នី បញ្ជាក់​ថា កន្លង​ទៅ​មាន​អ្នក​ទោស​ជាច្រើន​ដែល​តុលាការ​កាត់​ទោស ដូច​ជា​មន្ត្រី​ពុក​រលួយ ឈ្មួញ​គ្រឿង​ញៀន ចោរ​ប្លន់ ប៉ុន្តែ អ្នក​បឹកកក់ មិន​ដែល​ទៅ​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​ពួក​គេ​នោះ​ឡើយ៖ «គាត់​ចេះ​តែ​បង្វែរ​សាច់​រឿង ដូច​ជា​គាត់​ចេះ​តែ​ចោទ​ពួក​ខ្ញុំ​ថា ធ្វើ​តាម​គណបក្ស​ប្រឆាំង​ញុះញង់​ធ្វើ​តាម​ជន​បរទេស អីចឹង​ទៅ។ ឥឡូវ​ហ្នឹង​សួរ​ថា ពួក​ខ្ញុំ​តវ៉ា​ចង់​បាន​អី? ពួក​ខ្ញុំ​ចង់​បាន​ដំណោះស្រាយ»

អ្នកស្រី ទេព វន្នី បន្ត​ថា បើ​អាជ្ញាធរ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ពួក​គាត់​នឹង​មិន​តវ៉ា​ទៀត​ទេ។

ក្រុម​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា ការ​ចូល​រួម​តវ៉ា​របស់​ពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គេ​ខាត​បង់​ប្រាក់​ចំណូល ជីវភាព​ធ្លាក់​ចុះ និង​ជា​ញឹកញយ​ត្រូវ​រង​របួស​ដោយ​សារ​ការ​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ទៀត​ផង។

ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា រាល់​ការ​តវ៉ា ទាំង​ករណី​ទាម​ទារ​ដោះ​លែង​អ្នក​បឹងកក់ និង​លោក ម៉ម សូណង់ដូ សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត ហើយ​ពួក​គាត់​យល់​ថា សំណុំ​រឿង​ទាំង​នេះ​មិន​យុត្តិធម៌។ លោក​បន្ត​ថា ភាគ​ច្រើន​អ្នក​តវ៉ា​ជា​ជន​រងគ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី ហើយ​តំណាង​ពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ឈ្មួញ​អ្នក​មាន​អំណាច ប្តឹង​តុលាការ​ចាប់​អ្នក​ភូមិ​ដាក់​គុក​ជាដើម។

លោក អំ សំអាត បញ្ជាក់​ថា បើ​សិន​ជា​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ចប់​សព្វ​គ្រប់​នោះ ក៏​មិន​មាន​ហេតុផល​ណា​មួយ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​តវ៉ា​ទេ៖ «គាត់​តវ៉ា​រឿង​ដីធ្លី រឿង​ផ្ទះ​សម្បែង​របស់​គាត់ បើ​ដោះស្រាយ​ចប់​ហើយ គាត់​តវ៉ា​ទៀត បាន​អាច​ថា​បាន​គាត់​ធ្វើ​ការ​តវ៉ា​ដើម្បី​គាំទ្រ​ផ្នែក​ណា​មួយ ឬ​គាំទ្រ​គណបក្ស​នយោបាយ​ជាដើម។ តែ​បើ​បញ្ហា​អត់​ដោះស្រាយ​ឲ្យ​គាត់ ហើយ​ចោទ​ថា​គាត់​តវ៉ា​ដើម្បី​គណបក្ស​ណា គណបក្ស​ណា វា​ខុស បាន​ន័យ​ថា អា​ហ្នឹង​គ្រាន់​តែ​ជា​ការ​គេចវេស​ពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ប៉ុណ្ណោះ»

ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី កាល​ពី​ពេល​កន្លង​ទៅ បាន​ធ្វើ​សន្និសីទ​កាសែត ដោយ​លោក​បាន​ហៅ​ក្រុម​អ្នក​តវ៉ា​ថា ជា​ក្រុម​មនុស្ស​ប្រកាន់​វប្បធម៌​គាំទ្រ​អ្នក​ទោស។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ខិត​ខំ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ប្រសើរ ប៉ុន្តែ​អ្នក​រិះគន់​បែរ​ជា​និយាយ​ថា​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​វិញ៖ «បង្កើត​មួយ​ចំនួន​តូច​វឹកវរ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​បាន​នឹង​កំពុង​ពង្រឹង​ច្បាប់ គាត់​ទៅ​គាំទ្រ​អ្នក​ហ្នឹង​ទៅ​វិញ ឥឡូវ​ហ្នឹង វា​ទៅ​ជា​គាំទ្រ​អ្នក​ទោស អ្នក​ប្រព្រឹត្តិ​ល្មើស​ច្បាប់​ទៅ​វិញ។ ហ្នឹង​ជា​វប្បធម៌​គាំទ្រ​អ្នក​ទោស​ហើយ»

ទោះ​យ៉ាង​ណា​ក្តី អ្នក​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ លោក ថោង ថុន មាន​ប្រសាសន៍​ថា លោក​ធ្វើ​ការ​តវ៉ា​ដើម្បី​ទារ​យុត្តិធម៌​ឲ្យ​លោក ម៉ម សូណង់ដូ។ លោក​បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ធ្វើ​បាប​ពលរដ្ឋ​តែ​ត្រូវ​រួច​ទោស ផ្ទុយ​ពី​លោក ម៉ម សូណង់ដូ ដែល​ខិតខំ​ជួយ​ពលរដ្ឋ​បែរ​ត្រូវ​ជាប់​ឃុំ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ដើម្បី​យុត្តិធម៌​សង្គម​ប៉ុណ្ណោះ មិន​មាន​បំណង​ប្រឆាំង​រដ្ឋាភិបាល​នោះ​ឡើយ។

សង្គម​ស៊ីវិល​កត់​សម្គាល់​ឃើញ​ថា មាន​មនុស្ស​ជាច្រើន​ដែល​ធ្លាប់​មាន​អំណាច និង​ឥទ្ធិពល​នៅ​ក្នុង​សង្គម ហើយ​ត្រូវ​ជាប់​ទោស ព្រោះ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដូច​ជា លោក ម៉ឹក តារា និង​លោក ហេង ពៅ ជាដើម។ អ្នក​ទាំង​នោះ​ជាប់​ទោស​ម្នាក់ៗ​រាប់​សិប​ឆ្នាំ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ចេញ​មុខ​តវ៉ា​ឲ្យ​ដោះលែង​នោះ​ទេ ហើយ​ពលរដ្ឋ​ថែម​ទាំង​ស្វាគមន៍ និង​លើក​សរសើរ​ស្នាដៃ​បង្ក្រាប​បទឧក្រិដ្ឋ​របស់​រដ្ឋាភិបាល​ថែម​ទៀត។

ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម យល់​ឃើញ​ថា អ្នក​នៅ​តវ៉ា​មុខ​តុលាការ​ទាំង​អស់​ពិត​ជា​គាំទ្រ​អ្នក​ទោស​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ប្រាកដ​មែន។ ប៉ុន្តែ​អ្នក​ទោស​ដែល​ពួក​គេ​គាំទ្រ​ជា​ក្រុម​មនុស្ស​ធ្វើ​ការងារ​ផ្នែក​សង្គម អ្នក​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ជា​ពិសេស អ្នក​ដែល​រង​នូវ​អយុត្តិធម៌​ក្នុង​ជម្លោះ​ដីធ្លី មិន​មែន​ជា​អ្នក​ដែល​លួច​ប្លន់​សម្លាប់​មនុស្ស ឈ្មួញ​គ្រឿង​ញៀន ឬ​ពុក​រលួយ​នោះ​ឡើយ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: