THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អានអត្ថបទនេះ ជនរួមជាតិនឹងដឹងពីចរិកអ្នកដឹកនាំសម័យនេះ៖ ការ​ប្រមាថ​មាក់​ងាយ​ប្រជា​រាស្ត្រ​ខ្លួន​ឯង​​​ គួរ​​​បញ្ឈប់

leave a comment »


Monkey Tith Sothea

ដោយ លោក សុចរិត
ភ្នំពេញប៉ុស្តិ៍
ថ្ងៃទី២៥ តុលា ២០១២

ចាប់​តាំង​ពី​ទសវត្សរ៍​ទី ៧០​ដែល​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម ដ៏​ហែក​ហួរ និង​វិនាស​អន្តរាយ ទៅ​ក្នុង​ជ្រោះ​មរណៈ​ដ៏​សែន​ជ្រៅ ប្រជារាស្ត្រ​ទទួល​នូវ​ក្តីឈឺ​ចាប់​ខ្លោច​ផ្សា បែក​បាក់​វិនាស ព្រាត់​ប្រាស​មហា​សែន​សោក​ស្តាយ អូស​បន្លាយ​ដល់​ជាង ៣ ទសវត្សរ៍។

កត្តានេះហើយ បាន​នាំ​ឲ្យ​ប្រជាជន កម្ពុជា​ទូទាំង​នគរ បាត់​បង់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​ទទួល​នូវ​ការ​ប្រមាថ​មើល​ងាយ មើល​ថោក​ពី​បណ្តា​ប្រទេសជិត​ខាង និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភព​លោក។ កាល​ណោះ​នៅ​ពេល​ដែល​និយាយ​អំពី​ស្រុក​ខ្មែរ គឺ​គេ​និយាយ​អំពី​សង្គ្រាម អំពើ​ឃោរឃៅ ការ​កាប់​សម្លាប់ ឆក់​ប្លន់ អសន្តិ​សុខ​គ្រប់​បែប​យ៉ាង ស្គាល់​តែ​ឈាម និង​ទឹក​ភ្នែក គឺជា​ទឹក​ដី​ដ៏សែន​អាប់អួ​ក្នុង​ស្បៃ​អន្ធការ​រក​លេខ​ដាក់​គ្មាន។ ហេតុ​ដូច្នេះ​ហើយ ​ទើប​ជន​ជាតិ​ខ្មែរ តែង​បិទ​បាំង​អត្តសញ្ញាណ​របស់​ខ្លួនមិន​ឲ្យ​បរទេស​ដឹង​ថា ខ្លួន​ជា​ជន​ជាតិ​ខ្មែរ​ទេ ដើម្បី​គេច​ពី​ភាព​អាម៉ាស់នេះ នៅ​ពេល​ដែល​ខ្លួន កំពុង​ក្លាយ​ជា​ជន​ភៀស​ខ្លួន​និរទេស​នៅ​ក្រៅ​ប្រទេស​យ៉ាង​ប្រសេច​ប្រសាច អនាថា​គ្មាន​កោះ​ត្រើយ​នោះ។

សករាជ​នៃ​ព្រះរាជាណាចក្រ​ទី ២ បាន​មក​ដល់ ពន្លឺ​នៃការ​ផ្សះ​ផ្សា​បង្រួបបង្រួម​ជាតិ​បាន​លេច​ជា​រូប​រាងឡើង​រហូត​ដល់ មាន​ថ្ងៃ​នេះ។ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ជន​ជាតិ​ខ្មែរ ត្រូវ​បាន​គេ​លើក​តម្កើង ឲ្យ​តម្លៃឡើង​វិញ​ជា​បន្ត​បន្ទាប់។ នៅ​លើ​ឆាក​អន្តរជាតិ កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តាម​រយៈ ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ សម្តេច​ឪ សម្តេច​ព្រះ​នរោត្តម សីហនុ ជា​អ្នក​នយោបាយ​ខ្មែរ ដែលល្បី​ថា ជា​ក្សត្រ​មាន​គុណ​ធម៌ ចំពោះ​ជាតិ ជា​វរជន​ស្នេហា​ជាតិ​ដល់​កំពូល​របស់​កម្ពុជា ក្នុង​រយៈ​ពេល​ជិត​១​សតវត្សរ៍ ចុង​ក្រោយ​នេះ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ជុំវិញ​ពិភព​លោក និង​សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា ដែល​ខ្នះ​ខ្នែង​រុញ​ច្រាន​ប្រទេស​ឲ្យ​លេច​ត្រដែត​ឡើង លើ​ឆាក​អន្តរ​ជាតិតាម​រយៈ​សហគមន៍ អាស៊ាន ការ​ចូល​រួម​គ្រប់​សកម្មភាព​នៃ​អង្គការ​សហ​ប្រជា​ជាតិ និង​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត។

ជា​ការ​ពិត អ្វីៗ​ដែល​យើង​មាន​នៅ​ថ្ងៃ​នេះ គឺ​កើត​ឡើង​ដោយសារ​មេដឹកនាំ​ខ្មែរ ចាប់​ផ្តើម​ភ្ញាក់​រឭក យល់​ដឹង​យ៉ាង​ច្បាស់ ពី​ផល​វិបាក​នៃ​ការ​បែក​បាក់​ធ្ងន់ធ្ងរ​ក្នុង​សង្គម​គ្រួសារ​ខ្មែរ ពី​អតីត​កាល មិន​ចង់​ឲ្យ​មេរៀន ដ៏​ជូរ​ចត់​នោះ​ត្រឡប់​មក​ជា​ថ្មី ក៏ចាប់​ផ្តើម​សាមគ្គី​គ្នា ផ្សះផ្សា​ជាតិ​ឈរ​លើ​ប្រយោជន៍​ជាតិ​រួម​ជា​ធំ ពោល​គឺ បើឈ្លោះ​គ្នា ឬ​ទិតៀន​គ្នា គឺ​ដើម្បី​ការ​ចម្រើន​និង​ស្ថាបនា មិន​ដើម្បី​បម្រើ​គោល​ដៅ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ។

ទោះយ៉ាង​ណា ក៏ដោយ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​ ២០១២​កន្លង​ទៅ​នេះ អង្គ​ភាព​ព័ត៌មាន និង​ប្រតិកម្ម រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ក្នុង​ន័យ​មើល​ងាយមើល​ ថោក បន្តុះ​បង្អាប់​ប្រជា​ពលរដ្ឋ​ខ្លួនឯង​ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ទាំង​នោះ មាន​ប្រតិកម្ម​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Facebook) បាន​បង្ហោះ​រូប​ភាព​ព្រះ​បរម​ឆាយា​ល័ក្ខណ៍​របស់ សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ជា​ទីគោរព​សក្ការ បំផុត​របស់​ប្រជាជន​កម្ពុជា នៅ​ក្បែរ​ជើង​របស់​អ្នក​រាយ​ការណ៍​ព័ត៌មាន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ ប៉ុស្តិ៍​លេខ ៣ ថៃ គឺ កញ្ញា ឋប​នីយ៍ អៀត​ស៊ីថៃ នោះ។

តើ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​គួរ​ឲ្យ​អាម៉ាស់​នេះ ជា​កំហុស​របស់​អ្នក​ណា? របស់​អ្នក​សារ​ព័ត៌មាន​ថៃ ឬរបស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​គំនិត​ជាតិ​និយម អធិប​តេយ្យ​ភាព​និយម បូរណ​ភាព​ទឹក​ដី​និយម?

ក្រោយថ្ងៃ​កើត​ព្រឹត្តិការណ៍ គឺ​នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា ឆ្នាំ​២០១២ អ្នក​រាយ​ការណ៍​ព័ត៌មាន​រូប​នេះ អម​ដោយ​នាយក​រង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ថៃ បាន​ប្រញាប់​ប្រញាល់​ទៅ​កាន់​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ ហើយ​ក៏​បាន​លត់​ជង្គង់​សំពះ​គោរព​សុំ​ព្រះ​រាជ​ទាន​ទោស និង​អភ័យ​ទោស ចំពោះ​ជន​ជាតិ​កម្ពុជា​នៅ​ចំពោះ​ព្រះ​បរម​ឆាយា​ល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ​កម្ពុជា។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​ស្ថានីយ​ទូរទស្សន៍ ប៉ុស្តិ៍​លេខ ៣ ថៃ ក៏​បាន​ចេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន អះអាង​ថា គ្មាន​ចេតនា​នឹង​រមិល​គុណ ឬ​សម្ដែង​ការ​មិន​គោរព ចំពោះ​ស្ថាប័ន​ព្រះ​មហាក្សត្រ ដែល​ជា​ទី​គោរព ស្រឡាញ់ របស់​ប្រជាជន​កម្ពុជា​នោះ​ទេ….។

ទោះជា​យ៉ាង​ណា​ក៏ដោយ​អ្នក​សារ​ព័ត៌មាន​រូប​នេះ និង​អ្នក​តំណាង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ថៃ បាន​សម្ដែង​នូវ​ការ​សោក​ស្តាយ​ជាទី​បំផុត ចំពោះ​ឧបទ្ទវ​ហេតុ​ដែល​បាន​កើត​ឡើង និង​បាន​ធ្វើ​ការ​សូម​អភ័យ​ទោស ចំពោះ​រាជ​រដ្ឋា​ភិបាល និង​ប្រជាជន​កម្ពុជា និង​សង្ឃឹម​ថា…..។

នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១២ លោក​ជំទាវ យីង​ឡាក់ ស៊ី​ណាវ៉ាត្រា នាយក​រដ្ឋមន្ត្រី​ថៃ ក៏បាន​ធ្វើ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ដោយ​ផ្ទាល់ ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ ព្រះ​រាជា​ណាចក្រ​កម្ពុជា។ លោក​ជំទាវ​បាន​សម្ដែង​នូវ​ការ​សោក​ស្តាយ ចំពោះ​ឧបទ្ទវ​ហេតុ​ដោយ​អចេតនា​នេះ ហើយ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​ ក៏បាន​ឈាន​ទៅ​ដល់​ការ​យោគ​យល់​គ្នា…។

បើពិនិត្យ និង​វិភាគ​លើ​ចំណុច​ទាំង ​៤ ដែល​បាន​លើក​យក​មក​ដោយ​សង្ខេប និង​មាន​សេច​ក្តី​ពេញ​លេញទាំង​ស្រុង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ចុះ​ថ្ងៃ​ទី​ ១៨ ខែតុលា ឆ្នាំ ២០១២ បង្ហាញ​ឲ្យ​យើង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា គឺ​ពិត​ជា​កំហុស​របស់​អ្នក​រាយ​ការណ៍​ព័ត៌មាន​ថៃ​រូប​នោះ​យ៉ាងពិត​ប្រាកដ មិន​អាច​ប្រកែក​បាន ប៉ុន្តែ​គ្រាន់​តែ​មាន​មន្ទិល​ត្រង់​ថា តើ​ជា​កំហុស​ចេតនា ឬ​អចេតនា​តែ​ប៉ុណ្ណោះ ។ បើ​មិន​មែន​ជា​កំហុស​ទេ​ម្ល៉េះ​សម​មិន​មែន​សាមី​ខ្លួន​តំណាង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ រហូត​ដល់​លោក ជំទាវ​នាយក​រដ្ឋមន្ត្រី​ថៃ​សុខចិត្ត​សូម​ព្រះ​រាជ​ទាន​ទោស​សូមអភ័យ ទោសនិង​សម្ដែង​នូវ​ការ​សោក​ស្តាយ​នោះ​ទេ។

សម្រាប់ស្រុក​ខ្មែរ បច្ចុប្បន្ន ចរិត​ជាតិ​និយម​ មិន​មែន​កើត​ឡើង​តែ​ពី​ទឹក​ចិត្ត​របស់​ពួក​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ គឺវា​កើត​ចេញ​ពី​ទឹក​ចិត្ត​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់ បក្ស​ប្រឆាំង បក្ស​ស្រប និង​បក្សប្រឆាំង​ខ្លះ​ស្រប​ខ្លះ​ក៏មាន វា​ដូច​គ្នា​ទៅ​នឹង​ចរន្ត​នៃ​ការ​គោរព​ព្រះ​បរមសព​របស់​សម្តេច​ឪ សម្តេច​តា សម្តេ​ច តា​ទួត​នៃ​យើង គឺ​ជា​ឆន្ទៈ​រួម​របស់​ជន​ជាតិ​ខ្មែរ មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ដូច្នោះ​ដែរ។ ការ​ដែល​អង្គ​ភាព ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ប្រើ​ពាក្យ​ថា(ជន​អគតិ ជន​ជ្រុល​និយម) គឺ​ជា​ការ​ប្រមាថ​បន្ថោក​ដល់​ជាតិ​សាសន៍​ខ្លួនឯង​យ៉ាង​ខ្លាំង ហើយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​គំនិត​លើក​តម្កើង​ជាតិ​សាសន៍​ដទៃ​ជាងថា ទង្វើ​របស់​គេ​ជា​រឿង មិន​ខុស​ឆ្គង ឯ​ជន​ជាតិ​ខ្មែរ​ឯង​ដែល​ប្រើ​ប្រាស់​គំនិត​ជាតិ​និយម​សុទ្ធ​តែ​មាន​កំហុស ជា​ជន​អគតិ ជន​ជ្រុល​និយម គ្រប់ៗ​គ្នា។ គួរ​ណាស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ធ្វើ​ការ​អប់រំ​ណែនាំ ក្រើន​រំឭក​ដល់​អ្នក​សារ​ព័ត៌មាន ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ថៃ​រូប​នេះ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​វិជ្ជា​ជីវៈ​របស់​ខ្លួន កុំ​ឲ្យ​កំហុស​ទាំង​នេះ​កើតឡើង​ជា​ថ្មី​ម្តង​ទៀត ​ទើប​ប្រសើរ និង​គួរ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ការ​អត់ធ្មត់ មាន​សីលធម៌​ខ្ពស់ មាន​សេចក្តី​ថ្លៃថ្នូរ ស័ក្តិសម​ជា​ជន​ជាតិ​ដែល​មាន​អារ្យធម៌​រុងរឿង​ទើប​ត្រឹម​ត្រូវ មិន​គួរ​បន្ទោស និង​បន្ទាប​ជាតិ​សាសន៍​ខ្លួន​ឯង​បែប​នេះ​ឡើយ។ សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ចរិត​អ្នក​ធំ​ខ្មែរ​មួយ​ចំនួន ជា​មួយ​រាស្ត្រ​ខ្មែរ​ខ្លួន​ឯង មាន​ប្រតិកម្ម​ខ្លាំងៗ​ និង​លឿន​ដូច​ផ្លេក​បន្ទោរ មិន​អត់​ឱន​ឲ្យ​ទេ តែ​បើ​ជា​មួយ​ជាតិ​សាសន៍​ដទៃ​ហាក់​បង្ហាញ​នូវការ​ចុះ​ញ៉មយោគ​យល់ ទន់​ជ្រាយ ទ្រីក​ទ្រើក ធ្វើ​ឲ្យ​​ជន​ជាតិ​ជិត​ខាង​យើង​កាន់​តែ​បាន​ចិត្ត និង​កាន់​តែ​ហ៊ាន ប្រមាថ​ជាន់​ឈ្លី​ជន​ជាតិ​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត។ ជាក់​ស្តែង​នៅ​ពេល​ដែល​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ជា​បន្ត​បន្ទាប់ គេ​កម្រ​ឃើញ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស មាន​ប្រតិកម្ម​តបត​ណាស់ ដោយ​ខ្លាច​ប្រទេស​ជិត​ខាង​យើង​អន់​ចិត្ត តែ​បើ​មាន​ប្រតិកម្ម គឺ​ធ្វើ​ឡើង​ដោយ​ប្រយ័ត្ន​ប្រយែងនិង​ស្លូត​បូត​ជា​ទីបំផុត។

គួរណាស់ គ្រប់គ្នា លះ​បង់​ចោល​ការ​ប្រមាថ​មាក់​ងាយ​ជាតិ​សាសន៍​ខ្លួន​ឯង ដោយ​ចេះ​ប្រើប្រាស់​ពាក្យ ពេចន៍​ល្អៗ​របស់​ខ្មែរ​ដែល​មាន​មិន​ខ្វះ ប្រកប​ដោយ​ទឹក​ចិត្ត​ល្អ សន្តាន​ចិត្ត​ល្អ ការ​យោគ​យល់​អធ្យា​ស្រ័យ មេត្តា ករុណា មុទិតា ឧបេក្ខា គឺ​ជា​គុណធម៌​ដើម​ដ៏​ល្អ​ប្រពៃ​របស់​ជន​ជាតិ​ខ្មែរ ដើម្បី​ជា​គំរូ​ល្អ​ដល់​សង្គម​គ្រួសារ​ខ្មែរទាំង​មូល ជា​ពិសេស​ត្រូវ​សាង​គំ​រូល្អ​ ចំពោះ​យុវ​វ័យ ចេះ​សាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​ប្រទេស​ជាតិ​លាង​ជម្រះ​ទាំង​កាយ វាចា ចិត្ត ឲ្យ​ស្អាត ដើម្បី​ក្លាយ​ជា​ប្រជា​ពលរដ្ឋ​ល្អ គ្រួសារ​ល្អ សហគមន៍​ល្អ និង​សង្គម​ខ្មែរ​ទាំង​មូល​ល្អ។ ពី​ពេល​នេះ​តទៅ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នេះ គួរ​ពិចា​រណា​ថ្លឹង​ថ្លែង ពាក្យ​សម្ដី​របស់​ខ្លួនឡើង​វិញ​មុន​នឹង​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​នានា ចៀសវាង​ការ​ប្រើ​ប្រាស់​សម្ដី​មិន​ពីរោះ​ពិសា ដែល​នាំ​ឲ្យ​បែក​បាក់ ហែក​ហួរ​ក្នុង​សង្គម​គ្រួសារ​ខ្មែរ​តទៅ​ទៀត ហើយ​ក៏​គួរ ​រៀន​សូត្រ​ពី​គំរូ​វីរភាព​របស់​អតីត​ព្រះ​មហា​វីរក្ស​ត្រ ដែលទ្រង់​ជា​និមិត្ត​រូប​ជាបិតា​បង្រួប​បង្រួម​ជាតិ និង​ផ្សះ​ផ្សា​ជាតិ មាន​ទឹក​ព្រះ​ទ័យ​ត្រជាក់ និង​មាន​បន្ទូល​ផ្អែម​ល្ហែម សព្វ​ព្រះទ័យ នឹង​កូន​ចៅ​របស់​ព្រះ​អង្គ​មិន​រើស​មុខ​ហើយ​ក្នុង​សម័យ​ដែល​ព្រះ​អង្គ​ដឹក នាំ​ប្រទេស​ប្រជារាស្ត្រ​បាន​សេចក្តី​សុខ​សុភមង្គល ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ ថ្កុំ​ថ្កើង​រុងរឿង ល្បី​ល្បាញ​ខ្លាំង​ក្លា​ទាំង​កម្រិត​តំបន់ និង លើ​ឆាក​អន្តរ​ជាតិ គឺ​ព្រះ​អង្គ​ដឹក​នាំ​ប្រទេស​ ប្រកប​ដោយ​គុណធម៌ ព្រហ្ម​វិហារ​ធម៌និង​ទសពិធ​រាជធម៌​នោះឯង៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: