THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

តើសម រង្ស៊ី ខុស ឬហ៊ុន សែន ក្បត់ជាតិ?៖ ពលរដ្ឋតាមព្រំដែនអះអាងថាវៀតណាម មានចេតនា រំលោភទឹកដីខ្មែរ

leave a comment »


ដោយ ដែន អយុធ្យា
2012-11-21

ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម បាន​ឲ្យ​ដឹង​ថា កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម ក្រោម​ព្រះរាជបូជនី​យកិច្ច​​ដឹកនាំ​របស់​អតីត​ព្រះ​មហាក្សត្រ​ សម្ដេច​ព្រះ នរោត្តម សីហនុ ប្រទេស​វៀត​ណាម មិន​បាន​រំកិល​ព្រំដែន​រំលោភ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ដូច​បច្ចុប្បន្ន​ទេ។

ការ​អះអាង​នេះ គឺ​ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា ផ្ទៃ​ដី​ប្រទេស​កម្ពុជា បាន​​កើន​ទំហំ​ផ្ទៃ​ក្រឡា បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​គោក​រួម​គ្នា​រួច​មក។

មនុស្ស​វ័យ​ចំណាស់​មាន​លំនៅឋាន​តាម​ខេត្ត​ជាប់​ព្រំដែន បាន​អះអាង​ថា ទឹក​ដី​កម្ពុជា បច្ចុប្បន្ន​​​បាន​រួម​តូច និង​បាត់​រាប់​គីឡូម៉ែត្រ​​ទៅ​ឲ្យ​វៀតណាម​ ក្រោយ​សម័យ​សង្គម​​រាស្ត្រនិយម និង​សម័យ​ខ្មែរ​ក្រហម​ដួល​រំលំ។

​បុរស​ជនជាតិ​ព្នង វ័យ​ជាង ៧០​ឆ្នាំ ​នៅ​ខេត្ត​មណ្ឌលគិរី មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា វៀតណាម បាន​រំកិល​​ព្រំដែន​រំលោភ​ចូល​ទឹក​ដី​កម្ពុជា ក្នុង​តំបន់​នេះ រាប់​គីឡូម៉ែត្រ ​​ក្រោយ​ឆ្នាំ​១៩៧៩។

លោក​បាន​រំលឹក​ពី​បញ្ហា​ព្រំដែន កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម និង​សម័យ​ខ្មែរ​ក្រហម​ ដែល​ព្រំដែន​​​កម្ពុជា-​វៀតណាម មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ពី​បន្ទាត់​ព្រំដែន​​​បច្ចុប្បន្ន។ លោក​បន្ត​ថា ដី​កេរ​ដូនតា ឬ​ដី​កប់​ខ្មោច ជា​ប្រពៃណី​ជនជាតិ​​គាត់​ធ្លាប់​រស់​នៅ និង​អាស្រ័យ​ផល​តាម​ព្រំដែន​ក្នុង​ទឹក​ដី​កម្ពុជា កន្លង​មក បច្ចុប្បន្ន​ត្រូវ​បាត់បង់​ទៅ​ឲ្យ​វៀតណាម ព្រោះ​ថា វៀតណាម បាន​រំកិល​ខ្សែ​បន្ទាត់​ព្រំដែន​ជា​បន្ត​​បន្ទាប់​​ចូល​​ក្នុង​ទឹក​ដី​ កម្ពុជា។

ជនជាតិ​ព្នង​រូប​នេះ មើល​ឃើញ​ថា សកម្មភាព​រំកិល​ព្រំដែន​របស់​ប្រទេស​វៀតណាម ចូល​​ក្នុង​ទឹក​ដី​កម្ពុជា ក្នុង​ខេត្ត​មណ្ឌលគិរី ប៉ុន្មាន​ឆ្នាំ​មក​នេះ នាំ​ឲ្យ​កម្ពុជា បាត់​ដី​តាម​ព្រំដែន​រាប់​គីឡូម៉ែត្រ តែ​សមត្ថកិច្ច​មូលដ្ឋាន និង​រដ្ឋាភិបាល ហាក់​មិន​រវល់​អើពើ​បញ្ហា​នេះ​ទេ។

ជនជាតិ​ព្នង​ដទៃ​ទៀត​ក៏​បាន​អះអាង​ថា វៀតណាម​ពិត​ជា​បាន​រំកិល​ខ្សែ​បន្ទាត់​ព្រំដែន​ចូល​ក្នុង​ទឹកដី​ខ្មែរ នា​ខេត្ត​​​​​​​មណ្ឌលគិរី ពិត​មែន។ ពួក​គេ​ឲ្យ​ដឹង​ថា ដី​ព្រៃ​ប្រឹក្សា​ដែល​ជនជាតិ​ព្នង​ពួកគេ​ធ្លាប់​បរបាញ់​សត្វ បេះ​បន្លែ ផ្លែ​ឈើ និង​ដង​ជ័រ ដើម្បី​ចិញ្ចឹម​ជីវិត ជា​លក្ខណៈ​​ប្រពៃ​ណី​​ជនជាតិ​ដើម​​​កន្លង​មក ​ត្រូវ​វៀតណាម រំកិល​បន្ទាត់​ព្រំដែន​ចូល​ជ្រៅ​មក​ក្នុង​ទឹក​ដី​ខ្មែរ​ហើយ​ពេល​នេះ ពួកគេ​មិន​អាច​ចេញ​ចូល​បាន​ដូច​ពេល​មុន​ទៀត​ទេ។

ទោះ​យ៉ាង​ណា បង្គោល​ព្រំដែន​គោក​ខេត្ត​មណ្ឌលគិរី មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-​វៀតណាម មិន​ទាន់​បាន​ឯកភាព​បោះ​រួម​គ្នា​នៅ​ឡើយ។

មិន​ខុស​គ្នា​ទេ បុរស​វ័យ​ចំណាស់​ឈ្មោះ សួន អ៊ុន រស់​នៅ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ដែរ​ថា វៀតណាម​ពិត​​ជា​បាន​រំកិល​ខ្សែ​បន្ទាត់​ព្រំដែន រំលោភ​ចូល​ទឹក​ដី​កម្ពុជា ពិត​មែន ក្រោយ​ឆ្នាំ​១៩៧៩ មក។ លោក​​​នឹក​ដល់​សម័យ​សង្គម​រាស្ត្រនិយម ​​ដឹក​​នាំ​ដោយ​សម្ដេច នរោត្តម សីហនុ វៀតណាម​មិន​ហ៊ាន​លួច​​រំកិល​បន្ទាត់​ព្រំដែន​​រំលោភ​ចូល​​​ទឹក​​ដី​កម្ពុជា ដូច​បច្ចុប្បន្ន​ទេ។

លោក​អះអាង​ថា ការ​លួច​រំកិល​បន្ទាត់​ព្រំដែន​របស់​វៀតណាម កន្លង​មក និង​សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ នាំ​ឲ្យ​ពលរដ្ឋ​​អស់​ដី​បង្ក​បង្កើន​​​ផល​រាប់​ហិកតារ​ក្នុង​១​គ្រួសារៗ ទៅ​ឲ្យ​វៀតណាម។

លោក​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ ១២៥ ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក បាន​បាត់​បង់​ដី​កសិកម្ម និង​ភូមិ​ពលរដ្ឋ​ច្រើន​ហិកតារ​ទៅ​ឲ្យ​វៀតណាម។

​ដូច​គ្នា​ដែរ កសិករ​​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ក៏​បាន​រំលឹក​ដល់​ព្រះរាជបូជនីយកិច្ច ដឹកនាំ​ប្រទេស​របស់​អតីត​ព្រះមហាក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ ដោយ​អះ​អាង​ថា ជំនាន់​នោះ​វៀតណាម​មិន​បាន​រំលោភ​យក​ដី​កេរ​ដូនតា​ពួកគាត់​តាម​ព្រំដែន​ ស្រស់ៗ ដូច​សម័យ​នេះ​ទេ។

លោក​អះអាង​ថា បច្ចុប្បន្ន​នេះ​ដី​កសិកម្ម​ពលរដ្ឋ​នៅ​​ចន្លោះ​បង្គោល​​ព្រំដែន​លេខ ៩៤ និង ៩៥ ក្នុង​ឃុំ​បឹងជ្រោង ត្រូវ​បាត់​ទៅ​ឲ្យ​វៀតណាម ដោយសារ​សកម្មភាព​​ បោះ​កំណត់​ព្រំដែន​គោក​របស់​រដ្ឋាភិបាល។

ងាក​ទៅ​កសិករ​មាន​លំនៅឋាន​ជាប់​បន្ទាត់​ព្រំដែន​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ឯ​ណោះ​វិញ ក៏​បាន​អះអាង​​ពី​ការ​បាត់បង់​កសិកម្ម ដោយ​សកម្មភាព​បោះ​បង្គោល និង​តម្រុយ​ព្រំដែន​​កម្ពុជា-​វៀតណាម នេះ​ដែរ។

អ្នកស្រី ញឹម ល័ក្ខ ជា​កសិករ​រស់​នៅ​ភូមិ​ពោធិ៍ ឃុំ​មេសថ្ងក ស្រុក​ចន្ទ្រា បាន​ឲ្យ​ដឹង​ថា ដី​ស្រែ​ជាង ៥​ហិកតារ​ជា​កេរ​ដូន​តា​បន្សល់​ទុក ត្រូវ​បាត់បង់​ទៅ​ឲ្យ​វៀតណាម ដោយសារ​ផែន​ការ​បោះ​កំណត់​បង្គោល និង​តម្រុយ​ព្រំដែន​គោក​ម្តុំ​បង្គោល​លេខ ១៨៤ និង ១៨៦ របស់​​រដ្ឋា​ភិបាល។

អ្នកស្រី​បាន​រំលឹក​ដល់​បណ្ដាំ​ឪពុក​ម្ដាយ និង​ជីដូន​ជីតា​មក​បញ្ជាក់​ថា សម័យ​សង្គម​រាស្ត្រ​និយម​មិន​មាន​វៀតណាម រំលោភ ឬ​រំកិល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា ស្រស់ៗ​ដូច​សម័យ​នេះ​ទេ ហើយ​ថា ជំនាន់​នោះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ និង​រស់​នៅ​មាន​សេចក្ដី​សុខ គ្មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​ដូច​​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក អ៊ុក សារឿន ដឹកនាំ​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខេត្ត​ស្វាយរៀង បាន​ទទួល​ស្គាល់​ថា វៀតណាម ពិត​ជា​បាន​រំកិល​ព្រំដែន​រំលោភ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ក្នុង​មូលដ្ឋាន​នេះ​ពិត​មែន។ លោក​ថា យុទ្ធសាស្ត្រ​រំកិល​​ព្រំដែន​រំលោភ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ​ភាគី​វៀតណាម មាន​ផែនការ​ជា​ច្រើន​ដំណាក់កាល។

​បុរស​វ័យ ៧០​ប្លាយ​ឆ្នាំ ឈ្មោះ សុខ សុន រស់​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ក៏​បាន​​ទទួល​ស្គាល់​ព្រះរាជបូជនីយកិច្ច​​​​ដឹកនាំ​របស់​សម្ដេច នរោត្តម សីហនុ ថា ជំនាន់​នោះ វៀតណាម​មិន​ហ៊ាន​​រំកិល​ខ្សែ​​​បន្ទាត់​ព្រំដែន​រំលោភ​ចូល​ទឹក​ដី​កម្ពុជា តាម​អំពើ​ចិត្ត​ទេ។ លោក​ថា ​សព្វថ្ងៃ​រដ្ឋាភិបាល​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​លើ​បញ្ហា​ផ្សេងៗ​ជាមួយ​ប្រទេស​ វៀតណាម​ទេ ពិសេស​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍ ហើយ​ជានិច្ចកាល វៀតណាម​បាន​រំកិល ឬ​ក៏​បោះ​កំណត់​បង្គោល ឬ​តម្រុយ​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា តាម​ចិត្ត​ពួក​គេ​ចង់​បាន។

ទាក់ទិន​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​​លើក​យក​បញ្ហា​​ព្រំដែន​កម្ពុជា-​វៀតណាម មក​ពន្យល់​ពី​​​ផ្ទៃដី​របស់​កម្ពុជា កើន​ផ្ទៃ​ក្រឡា​លើស​ពី ១៨១.០៣៥​គីឡូ​ម៉ែត្រ​ការ៉េ។ ប៉ុន្តែ​លោក​ថា ការ​កើន​នេះ​មិន​មែន​កម្ពុជា បាន​ពី​វៀតណាម ពី​ថៃ ឬ​ពី​​ប្រទេស​ឡាវ ទេ តែ​ជា​កំហុស​បច្ចេកទេស​នៃ​ការ​វាស់ដី​​គ្មាន​ឧបករណ៍​​ទំនើប​ពី​សម័យ​មុន។

បញ្ហា​ព្រំដែន​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ដោយ​បាន​លើក​យក​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​អនុវត្ត​ក្នុង​ពេល​ខាង​មុខ។

លោក​ថា យុទ្ធសាស្ត្រ ឬ​គោលនយោបាយ​បោះ​កំណត់​ព្រំដែន​គោក​របស់​រដ្ឋាភិបាល តាម​របៀប​ធ្មេញ​រណារ ​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ទឹក​ដី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រមុខ​ដឹកនាំ​បង្ហាញ​ថា ផ្ទៃ​ដី​សរុប​ដែល​កម្ពុជា​ បាន​លយ​​ចូល​​​វៀតណាម ​មាន​ជាង ៩០០​ហិកតារ ចំណែក​ឯ​ផ្ទៃ​ដី​សរុប​ដែល​វៀតណាម លយ​ចូល​កម្ពុជា មាន​ជាង ២.១០០​ហិកតារ​ឯ​ណោះ។ ដូច្នេះ​ហើយ កម្ពុជា និង​វៀតណាម ចាំ​បាច់​ត្រូវ​តែ​ដោះ​ដូរ​ភូមិ ឬ​កាត់​ដី​មួយ​ចំនួន​ដើម្បី​ទូទាត់​​គ្នា។

ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-​ វៀតណាម ដែល​អះអាង​ថា បាន​បាត់បង់​ដី​កសិកម្ម​ទៅ​ឲ្យ​វៀតណាម ដោយសារ​ការ​បោះ​តម្រុយ ឬ​បង្គោល​ព្រំដែន​គោក ​មាន​​​ចំងល់ និង​ទាមទារ​ឲ្យ​ប្រមុខ​ដឹក​នាំ​ឆ្លើយ​បំភ្លឺ ឬ​ចង្អុល​បង្ហាញ​ភូមិ​ណា​ខ្លះ ដែល​កម្ពុជា ត្រូវ​ដោះ​ដូរ​ឲ្យ​វៀតណាម ឬ​វៀតណាម ដោះដូរ​ឲ្យ​កម្ពុជា។

ពលរដ្ឋ​បញ្ជាក់​ថា ដី​កសិកម្ម​ពួកគា​ជា​ច្រើន​ហិកតារ បាន​បាត់បង់​ទៅ​ឲ្យ​ប្រទេស​វៀតណាម ក្នុង​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​របស់​រដ្ឋាភិបាល ប៉ុន្តែ​មិន​ដឹង​ថា នឹង​បាន​សំណង​ដី​កសិកម្ម​វិញ​ត្រង់​កន្លែង​ណា និង​ពេល​ណា​​នោះ​ទេ។

​​បញ្ហា​ដោះ​ដូរ​ភូមិ​តាម​ព្រំដែន លោក ហ៊ុន សែន បាន​ពន្យល់​ថា ប្រទេស​កម្ពុជា និង​វៀតណាម ត្រូវ​អនុវត្ត​​តាម​រូបមន្ត​រុះរើ​ខ្សែ​ផែនទី​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ផល​ប៉ះពាល់​ជាក់ស្តែង មិន​មែន​កាត់​ភូមិ​ដូនតា​ឲ្យ​គ្នា​ទៅ​វិញ​​ទៅ​​មក​នោះ​ទេ។

​យ៉ាង​ក៏ដោយ លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​ព្រំដែន​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ ចំពោះ​បញ្ហា​បោះ​កំណត់​បង្គោល​ព្រំដែន​ដ៏​ចម្រូងចម្រាស ដែល​ពលរដ្ឋ​អះអាង​ថា បាន​បាត់បង់​ដី​កសិកម្ម​កេរដំណែល​​ដូនតា​​ជា​ច្រើន​ហិកតារ​ទៅ​ឲ្យ​វៀតណាម ឡើង​វិញ។

របាយការណ៍​​​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​ផ្ទៃដី​ដែល​កម្ពុជា លយ​ចូល​​វៀតណាម សរុប​ចំនួន ៩១៦​ហិកតារ​ និង​វៀតណាម លយ​ចូល​មក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតារ គឺ​​​នៅ​ខេត្ត​កំពង់ចាម កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ៣៨៥​ហិកតារ  និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៨២៥​ហិកតារ។

នៅ​ខេត្ត​ស្វាយរៀង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ២៨៩​ហិកតារ​ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ១.១០០​ហិកតារ។ នៅ​ខេត្ត​ព្រៃវែង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ៥៤​ហិកតារ​ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ៣០​ហិកតារ។

នៅ​ខេត្ត​តាកែវ កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង ១៥៩​ហិកតារ​ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ១៥១​ហិកតារ។ នៅ​ខេត្ត​កំពត កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង ២៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ ៥៣​ហិកតារ។

ខេត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ដោះដូរ​ទឹក​ដី​ឆាប់ៗ​នេះ មាន​​ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​តាកែវ។ រី​ឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​​​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា៕

Written by Kolbot Khmer

November 21, 2012 at 2:15 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: