THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ជាសញ្ញាណអវិជ្ជមានសម្រាប់កម្ពុជា៖ មូលហេតុនៃការ មិនដាក់រូប ថតលោកហ៊ុន សែន ក្នុងកម្រង រូបថត សេតវិមាន ដែលជាឯកសាប្រត្តិ សាស្រ្តចំណុចំសំខាន់ បំផុតបង្ហាញពីការកាត់បន្ថយទំនាក់ទំនង ការទូត

leave a comment »


ដោយ តាំង សារ៉ាដា
2012-11-26

សេតវិមាន​បាន​ផ្សព្វផ្សាយ​សៀវភៅ​កម្រង​រូបថត​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​សប្ដាហ៍​កន្លង​ទៅ។ ប៉ុន្តែ​ក្នុង​នោះ​ពុំ​មាន​រូបថត​អនុស្សាវរីយ​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក អូបាម៉ា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា អវត្តមាន​រូបថត​របស់​ប្រធានាធិបតី​អាមេរិក ជាមួយ​មេដឹកនាំ​ខ្មែរ​ក្នុង​អាល់ប៊ុម​សេតវិមាន ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) ក្នុង​ការ​ព្រមាន​ដោយ​ទន់ភ្លន់​បែប​ចាស់ទុំ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា និង​បង្ហាញ​ពី​ភាព​សោះ​អង្គើយ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ពី​ប្រទេស​ហ្វាំងឡង់ លោក ប៉ាង សុឃឿន ថ្លែង​ថា ឧបសគ្គ​ដែល​រារាំង​មិន​ឲ្យ​មាន​រូបថត​របស់​លោក ហ៊ុន សែន ជាមួយ​លោក បារ៉ាក់ អូបាម៉ា ក្រោយ​ពី​ជំនួប​ទ្វេ​ភាគី​នោះ គឺ​ដោយសារ​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​ដីធ្លី ការ​ឃុំឃាំង​អ្នក​ទោស​នយោបាយ និង​បញ្ហា​និទ្ទណ្ឌភាព​ដ៏​ធ្ងន់ធ្ងរ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​កម្ពុជា។

រូបថត​ក្នុង​អាល់ប៊ុម​របស់​សេតវិមាន គេ​ឃើញ​មាន​រូបថត​អនុស្សាវរីយ៍​របស់​លោក បារ៉ាក់ អូបាម៉ា ជាមួយ​មហាក្សត្រ​ថៃ ភូមមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ចំនួន​មួយ​សន្លឹក​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ចំនួន ៤​សន្លឹក ជាមួយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ចំនួន ៣​សន្លឹក ហើយ​រូបថត​មួយ​សន្លឹក​ទៀត​ជាមួយ​លោក ថេន សេន (Thein Sein) មេដឹកនាំ​ភូមា។

ចំណែក​រូបថត​ក្នុង​អាល់ប៊ុម​របស់​សេតវិមាន​ចំនួន ១៣​សន្លឹក​ផ្សេង​ទៀត ដែល​ថត​រូប​លោក អូបាម៉ា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច ក៏​មិន​បាន​ថត​ជាមួយ​លោក ហ៊ុន សែន ដែរ។ រូបថត​ខ្លះ​គេ​ឃើញ​មាន​រូប​លោក ហ៊ុន សែន ក្នុង​នោះ​ដែរ តែ​ចំណង​ជើង​នៃ​រូបថត​មិន​បាន​បញ្ជាក់​អំពី​ឈ្មោះ​លោក ហ៊ុន សែន នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក បារ៉ាក់ អូបាម៉ា បាន​ថត​រូប​ជាមួយ​លោក ថេន សេន មេដឹកនាំ​នៃ​ប្រទេស​ភូមា ដែល​ជា​ប្រទេស​ល្បី​ខាង​ការ​ដឹកនាំ​ផ្ដាច់ការ​បែប​យោធា​និយម​ទៅ​វិញ។

ចំណុច​នេះ លោក ប៉ាង សុខឿន វិភាគ​ថា រូបថត​របស់​លោក អូបាម៉ា ជាមួយ​លោក ថេន សេន គឺ​ចង់​បង្ហាញ​ពី​ការ​លូតលាស់​ផ្នែក​ប្រជាធិបតេយ្យ សេរីភាព និង​ការ​កែ​ទម្រង់​នៅ​ភូមា ក្រោយ​ពី​ប្រទេស​មួយ​នេះ បាន​ដោះលែង​អ្នក​ទោស​នយោបាយ​រាប់​រយ​នាក់​ឲ្យ​មាន​សេរីភាព រួម​ទាំង​មេ​បក្ស​ប្រឆាំង អ្នកស្រី អ៊ុង សានស៊ូជី ហើយ​ដោះ​ដៃ​ចេញ​ពី​មហា​អំណាច​ចិន។

នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​លោក ហ៊ុន សែន លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ព្រមាន​ថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​ជា​ឧបសគ្គ​រារាំង​ដល់​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ។

ទាក់ទង​នឹង​សៀវភៅ​កម្រង​រូបថត​របស់​សេតវិមាន លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​នៅ​កម្ពុជា ថ្លែង​ថា តាម​ការ​កត់សំគាល់​របស់​លោក​ឃើញ​ថា កាយវិការ​របស់​លោក អូបាម៉ា ជាមួយ​លោក ហ៊ុន សែន មាន​ភាព​សោះអង្គើយ​ខ្លាំង ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​មិន​ល្អ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​ថត​រូប​អនុស្សាវរីយ៍ គ្មាន​ការ​ចាំបាច់​សំរាប់​មេដឹកនាំ​សហរដ្ឋអាមេរិក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​អំពី​គោលជំហរ​របស់​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក​ថា នៅ​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រួម​គ្នា​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ការពារ​ជាតិ ប្រឆាំង​អំពើ​ភេរវកម្ម ពានិជ្ចកម្ម និង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ទាំង​ការ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី និង​ករណី​លោក អូបាម៉ា មិន​បាន​ថត​ជាមួយ​លោក ហ៊ុន សែន មិន​មែន​ជា​បញ្ហា​សំខាន់​នោះ​ទេ ហើយ​ក៏​មិន​មែន​ជា​សញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​នោះ​ដែរ។

នៅ​ក្នុង​អំឡុង​ការ​គ្រប់គ្រង​អំណាច​នៃ​រដ្ឋបាល​របស់​លោក ហ៊ុន សែន គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​ណា​មួយ​របស់​ប្រធានាធិបតី​អាមេរិក មក​កាន់​កម្ពុជា​នោះ​ទេ ហើយ​កម្ពុជា ក៏​មិន​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ក្នុង​សហរដ្ឋអាមេរិក​នោះ​ដែរ។

ចំណែក​ដំណើរ​ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា មក​កាន់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នោះ គ្រាន់​តែ​ជា​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ប៉ុណ្ណោះ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា រូបថត​ជាមួយ​ប្រធានាធិបតី​អាមេរិក សម្រាប់​ចុះ​ក្នុង​អាល់ប៊ុម​សេតវិមាន មាន​សារសំខាន់​យ៉ាង​ធំធេង​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បង្ហាញ​ពី​មិត្តភាព​ល្អ​របស់​ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក។

លោក​បន្ត​ថា ការ​ដែល​លោក អូបាម៉ា មិន​បាន​ថត​រូប​ជាមួយ​លោក ហ៊ុន សែន គឺ​ជា​ចេតនា​របស់​អាមេរិក ក្នុង​ការ​សម្ដែង​ភាព​អាក់អន់ចិត្ត​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​កំពុង​បោះ​ជំហាន​ថយ​ក្រោយ។

ទន្ទឹម​នឹង​ការ​ដែល​ប្រធានាធិបតី​អាមេរិក មិន​បាន​ថត​រូប​ជាមួយ​លោក ហ៊ុន សែន មេដឹកនាំ​ខ្មែរ​នេះ​ដែរ សារព័ត៌មាន​អន្តរជាតិ​ខ្លះ​បាន​ចុះ​ផ្សាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បញ្ចប់​ដោយ​ការ​មាក់ងាយ​ពី​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទៀត​ផង។

សារព័ត៌មាន ដេលី មេល (Daily Mail) កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤ វិច្ឆិកា រាយការណ៍​ថា នៅ​មុន​ពិធី​អាហារ​ពេល​ល្ងាច លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ភរិយា​របស់​លោក​ទៅ​កាន់​លោក អូបាម៉ា។ អ្នកស្រី ប៊ុន រ៉ានី នៅ​ពេល​នោះ​បាន​ធ្វើ​គារវកិច្ច​ចំពោះ​លោក អូបាម៉ា ដោយ​លើក​ដៃ​សំពះ​ត្រឹម​ដើមទ្រូង ដែល​ជា​ការ​សំពះ​មួយ​ដោយ​ខ្វះ​ការ​គោរព និង​ជា​ការ​សំពះ​មួយ​ចំពោះ​មនុស្ស​ដែល​មាន​ឋានៈ​ទាប​ជាង​ខ្លួន។

តាម​ទំនៀម​ខ្មែរ ការ​សំពះ​ដោយ​ដាក់​ដៃ​ត្រឹម​បបូរមាត់ ទើប​ជា​ការ​គោរព​ដល់​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់។ រី​ឯ​សំពះ​ដាក់​ដៃ​ត្រឹម​ច្រមុះ គឺ​ជា​ការ​សំពះ​ចំពោះ​ឪពុក​ម្ដាយ ជី​ដូន​ជី​តា ឬ​គ្រូបង្រៀន ហើយ​ចំណែក​សំពះ​ដៃ​ត្រឹម​ប្រជុំ​ចិញ្ចើម ជា​ការ​សំពះ​ចំពោះ​ព្រះមហាក្សត្រ ឬ​ព្រះសង្ឃ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: